header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្ពុជា បានបញ្ជូនកម្លាំងពលកម្ម ដែលជាពលករទៅបម្រើការងារនៅក្រៅប្រទេស ដើម្បីទទួលប្រាក់កម្រៃមានចំនួនជិត១០ម៉ឺននាក់ នៅក្នុងឆ្នាំ២០១៧កន្លងមក ដែលចំនួននេះ មានការកើនឡើង១២.៦% បើប្រៀបធៀបនឹងឆ្នាំ២០១៦ មានចំនួនតែជាង៨ម៉ឺននាក់។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ នៃការងារអនុវត្តន៍ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ បង្ហាញឲ្យដឹងថា ក្រសួងការងារ បានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស មានចំនួន៩៦.៣៣៨នាក់ ក្នុងនោះ ស្រី៣៨.១៩៨នាក់ បើធៀបនឹងឆ្នាំ២០១៦ មានចំនួន៨៥.៥៧៦នាក់ មានស្រី៣៤.៧៣០នាក់។

របាយការណ៍ឲ្យដឹងទៀតថា ប្រទេសដែលត្រូវបញ្ជូនពលករខ្មែរ ទៅបម្រើការងារ រួមមាន ព្រះរាជាណាចក្រថៃ ចំនួន៨៧.៩០៩នាក់ (ស្រីចំនួន៣៥.១៦៤នាក់) សាធារណរដ្ឋកូរ៉េ ចំនួន៥.៩៦៧នាក់ (ស្រីចំនួន១.៦៣១នាក់) ប្រទេសជប៉ុន ចំនួន២.២៨០នាក់ (ស្រីចំនួន១.២៤១នាក់) ប្រទេសម៉ាឡេស៊ី ចំនួន២៧នាក់ (ស្រីចំនួន៧នាក់) សាធារណរដ្ឋសិង្ហបុរី ចំនួន១៣៨នាក់ (ស្រីចំនួន១៣៨នាក់) ប្រទេស អារ៉ាប់ប៊ី សាអូឌីត ចំនួន១២នាក់ (ស្រីចំនួន១២នាក់) និងតំបន់រដ្ឋបាលពិសេសហុងកុង ចំនួន៥នាក់ (ស្រី៥នាក់)។

របាយការណ៍របស់ក្រសួងការងារ ក៏បានឲ្យដឹងទៀតថា គិតចាប់ឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧ ប្រជាពលរដ្ឋទទួលបានការងារធ្វើចំនួន៩១៦.២៤៩នាក់ (ស្រីចំនួន៥១៩.៨៧០នាក់) ក្នុងនោះ មាននៅក្នុងប្រទេសចំនួន៥៩៣.០៨៧នាក់ (ស្រីចំនួន៣៨២.៦៨៨នាក់) និងនៅក្រៅប្រទេសចំនួន២៧០.៩២៧នាក់ (ស្រីចំនួន១១៧.០៩៨នាក់)។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែងក្នុងសន្និបាតថា បច្ចុប្បន្នេះ មានពលរកកម្ពុជា ចំនួនប្រមាណជាង១.២លាននាក់ កំពុងធ្វើការងារនៅបរទេស ហើយបាននាំយកប្រាក់ចំណូលមកក្នុងប្រទេសវិញ បានប្រមាណជិត២លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ព្រមទំាងទទួលបាននូវមុខជំនាញវិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

លោករដ្ឋមន្ត្រី ឲ្យដឹងទៀតថា ក្រសួងបានផ្តល់ភាពស្របច្បាប់ដល់ពលករ ដែលមិនទាន់មានឯកសារស្របច្បាប់ ជួយការពារ និងសង្គ្រោះ នៅពេលមានហានិភ័យជាយថាហេតុ និងចាត់តាំងគណៈប្រតិភូថ្នាក់ដឹកនាំជួបសំណេះសំណាល និងរៀបចំពិធីផ្សេងៗ ដើម្បីលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់ពលករ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post