header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយសារ រកឃើញបានឃុបឃិតជាមួយបរទេស មានបំណងផ្តួលរំលំរាជរដ្ឋាភិបាល នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាក់ថា ដូច្នេះការបោះឆ្នោតសកល ឆ្នាំ២០១៨ខាងមុខ ប្រជាជនខ្មែរនឹងបានទទួល ជោគជ័យ ព្រោះបានបំផ្លាញទាន់ពេលវេលា នូវចលនាដិវត្តន៍ពណ៌ ដែលបានកើតឡើង ពីអតីតមេបក្សប្រឆាំង ។

អតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតគាំទ្រ ប្រហែល៣លាននាក់ ក្នុងបោះឆ្នោតឆ្នាំ២០១៣ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយថ្នាក់ដឹកនាំអតីតបក្សប្រឆាំងចំនួន១១៨រូប ត្រូវគេហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ខណៈលោក កឹម សុខា ក៏កំពុងជាប់ឃុំខ្លួន នៅក្នុងពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ “ក្បត់ជាតិ” ។

អតីតគណបក្សសង្គ្រោះជាតិ បានប្រកាសថា គណបក្សមិនទទួលស្គាល់ លទ្ធផលបោះឆ្នោតថ្នាក់ជាតិ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះទេ ប្រសិនបើគណបក្ស មិនបានចូលរួមការបោះឆ្នោត ។

ក្នុងសិក្ខាសាលា តួនាទី និងភារកិច្ចអ្នកនាំពាក្យកងយោធពល ខេមភូមិន្ទ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ លោក នាង ផាត បានឲ្យដឹងថា ប្រជាជនខ្មែរបានអនុវត្ត តួនាទីដោយជោគជ័យ នូវការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នាពេលកន្លងមក ដោយគណបក្សប្រជាជនកម្ពុជា ទទួលបាន៥៨អាសនៈ ឈ្នះដាច់បក្សដទៃទៀត ។

លោកថ្លែងថា “យើងកំពុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោត សកលជ្រើសតាំងតំណាងរាស្ដ្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ។ ក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោត សកល ឆ្នាំ២០១៨ ប្រជាពលរដ្ឋយើងបានទទួលជោគជ័យ ដ៏ធំធេងដោយបានបំផ្លាញទាន់ពេលវេលា នូវចលនាបដិវត្តន៍ពណ៌ ដែលរៀបចំដោយបទេស មានបំណងជ្រៀតជ្រែក តាមរយៈដៃជើងក្នុងប្រទេស” ។

លោកបន្ដថា អំពើក្បត់ជាតិ មិនអាចលាក់បាំងបានឡើយ ហើយលោក កឹម សុខា បានសារភាពអំពីឧបាយកលឃុបឃិតជាមួយបរទេស មានបំណងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់គណបក្ស ប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆើមរបស់កម្ពុជា ដែលបានកំចាត់ចោលទាន់ពេលវេលា នាំឲ្យប្រទេសជាតិគេចផុតអំពីគ្រោះមហន្ដរាយ ដែលមិនអាចស្មានបាន ។

នាយឧត្តមសេនីយ៍ នាង ផាត អះអាងថា ទោះបីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរំលាយ ប៉ុន្ដែអតីតបក្សនេះ មិនបោះបង់ចោលឧបាយកលបំផ្លាញជាតិ តាមរយៈការឃោសនាញុះញង់ ភូតកហុក បោកប្រាស់ ប្រឌិតរឿងមិនពិត ក្នុងគោលបំណងបំផ្លាញប្រជាប្រិយ បន្ថយជំនឿប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ស្រប់ច្បាប់ ដែលកើតចេញពីការបោះឆ្នោត តាមរបបប្រជាធិបតេយ្យ ។

សូមរំលឹកថា ការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ ចំណែកអតីតគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងឈ្នះត្រឹម៥៥អាសនៈ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post