
ភ្នំពេញៈ រឿងក្ដីបុរសជនជាតិថៃម្នាក់ បញ្ជូនគ្រឿងញៀនជិត២០គីឡូក្រាមចូលមកកម្ពុជាកន្លងទៅ ត្រូវបានចៅក្រមតុលាការរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេច កាលពីល្ងាចថ្ងៃទី ២៣ មីនានេះ ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទដឹកជញ្ជូន រក្សាទុកនិងជួញដូរសារធាតុញៀនតាមមាត្រា៤០នៃក្រមព្រហ្មទណ្ឌ។
សេចក្ដីសម្រេចនេះ មិនពិន័យប្រាក់ចំពោះជនជាប់ចោទទេ តែបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
សូមបញ្ជាក់ថា រឿងក្ដីជនជាតិថៃដឹកជញ្ជូនគ្រឿងញៀនចូលមកកម្ពុជានេះ ត្រូវបានចៅក្រមសាលសដំបូងរាជធានីភ្នំពេញ លើកយកមកកាត់ទោសនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។
ជនត្រូវចោទឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ជនជាតិថៃ ភេទប្រុស អាយុ៥២ឆ្នាំ បានឆ្លើយសារភាពក្នុងសវនាការថា ខ្លួនពិតជាបានដឹកគ្រឿងញៀននេះមែន តែខ្លួនគ្រាន់តែធ្វើតាមការបញ្ជារបស់ឈ្មោះ ឌីន យ៉ៃ ជាអ្នកប្រើឲ្យខ្លួនដឹកដោយឲ្យកំរៃជើងសារតែប៉ុណ្តោះ។
តំណាងអយ្យការធ្វើសេចក្តីសន្និដ្ឋានកាលពីថ្ងៃទី១-២ ខែសីហា ឆ្នាំ២០១៦ ឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ពិតជាបានរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមែនដែលបញ្ញាត្តិឲ្យផ្តន្ទាទោសតាមមាត្រា៤០នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន អ៊ីចឹងក្នុងនាមតំណាងអយ្យការសូមតម្កល់បទចោទប្រកាន់នៅដដែល។
ពេលបញ្ចប់សវនាការក្នុងសំណុំរឿខាងលើ ចៅក្រមតុលាការបានសម្រេចកំណត់យកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល ដើម្បីប្រកាសសាលក្រម។
សូមរំលឹកថា កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានឃាត់ជនល្មើសម្នាក់ ឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ជនជាតិថៃ ភេទប្រុស អាយុ៥២ឆ្នាំ រឹបអូសបានថ្នាំញៀនប្រភេទ ម៉េតំហ្វេតាមីន ទឹកកកទម្ងន់៣គីឡូក្រាម។ រហូតនៅវេលាម៉ោង៥:៣០ល្ងាចនាទី ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ កម្លាំងជំនាញមន្ទីរ (ក៥) បានបន្ដទៅឆែកឆេរលំនៅដ្ឋាន របស់ជនសង្ស័យខាងលើ ដែលបានជួលផ្ទះនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រកឃើញម្សៅសង្ស័យហេរ៉ូអ៊ីន២ដុំ ប្រហែល៦៦០ក្រាម, ម្សៅក្រាមសង្ស័យ ICE ៩ដុំ ប្រហែល ៦គីឡូក្រាម, ថ្នាំគ្រាប់ wy ៩ដុំ ប្រហែល៥២០០០គ្រាប់ និងរថយន្ដ២គ្រឿង។ សរុបគ្រឿងញៀនដែលរឹបអូស បានទាំង៣ប្រភេទមាន ទម្ងន់ប្រមាណជិត២០គីឡូក្រាម៕
