
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់ សម្តេច ហ៊ុន សែន បានលើកឡើងថា៖ ដល់ម៉ោងដែលគេបើកការវាយប្រហារ លាបពណ៌និងមាក់ងាយដល់ប្រជាពលរដ្ឋខ្មែរគ្នាឯងទៀតហើយ។
ជារឿយៗឱ្យតែមានប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសដែលមានទស្សនៈគាំទ្ររាជរដ្ឋាភិបាល ហើយប្រើសិទ្ធិរបស់ខ្លួនតាមរយៈការបញ្ចេញមតិរបស់ខ្លួនគាំទ្ររាជរដ្ឋាភិបាល ឬចូលរួមក្នុងកម្មវិធីនានាដើម្បីជួបជុំអបអរនូវអ្វីដែលជាសមិទ្ធិផលជាតិឬដែលរាជរដ្ឋាភិបាលសម្រេចបាន គឺត្រូវបានអស់លោកមួយចំនួនដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលនៅក្រៅប្រទេស ចោទពួកគាត់ថាជាជនលក់ឧត្តមគតិ ឬជាមនុស្សដែលគេទិញក្បាលបាន ឬពេលខ្លះរហូតដល់ប្រើពាក្យអសុរសទៅលើពួកគាត់ ដូចជាជេពួកគាត់ថាជា ខ្មោចស៊ីពេរ ជាដើម។
លោក ហ៊ុន ម៉ាណែត បន្ថែមថា៖ ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ប្រាកដណាស់គឺមានមនុស្សដែលមានទស្សនៈខុសគ្នាហើយ មិនថាប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសខ្មែរ ឬនៅប្រទេសអាមេរិក អូស្ត្រាលី ណូវ៉ែលស្សឺឡង់ អឺរ៉ុប ។ល។ អ៊ីចឹង អស់លោកដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលនៅតាមបណ្តាប្រទេសមួយចំនួន គួរតែយល់ហើយថានៅទីណាក៏មានប្រជាពលរដ្ឋដែលមានទស្សនៈស្របជាមួយអស់លោក និងអ្នកដែលមានទស្សនៈខុសពីអស់លោកដែរ។ ហើយបើអស់លោកតាំងខ្លួនជាអ្នកប្រជាធិបតេយ្យពិតៗ គួរតែអស់លោកទទួលស្គាល់ការពិតនេះ ហើយគួរបង្ហាញនូវកាយវិការ ឬការបញ្ចេញមតិ ប្រកបដោយភាពថ្លៃថ្នូរនិងការគោរពគ្នាផង។ ហើយការប្រឌិតរឿងមិនពិត ដើម្បីលាបពណ៌ប្រជាពលរដ្ឋខ្មែរដែលមានទស្សនៈខុសពីខ្លួន ថាជាជនលក់ឧត្តមគតិឬលក់ក្បាល ក្នុងតម្លៃនេះឬតម្លៃនោះគួរឈប់ទៅ ព្រោះវាជាការមើលងាយខ្លាំងណាស់ចំពោះពួកគាត់។ ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសដែលលោកបាននិងកំពុងមើលងាយនោះ ក៌ជាមនុស្សដែលមានកិត្តិយសនិងសេចក្តីថ្លៃថ្នូរ ហើយក៏ចង់បានការគោរពសិទ្ធិរបស់គាត់ដូចអស់លោកដែរ។
ជាពិសេស ចំពោះលោកពូខ្លះដែលតាំងខ្លួនជាមនុស្សចាស់ទុំ ហើយមានតំណែងខ្ពស់នៅក្រៅប្រទេសទៀតនោះ ការដែល លោកពូដុតបញ្ឆេះកំហឹងនៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលមានទស្សនៈស្របជាមួយពូ ហើយដឹកនាំគាត់ឱ្យទៅជេរប្រមាថ ទៅលើប្រជាពលរដ្ឋខ្មែរដែលមានទស្សនៈខុសពីពូនោះ មិនមែនជាសកម្មភាពមួយដែលបង្ហាញពីការបង្រួបបង្រួមគ្នាឬគោរពសិទ្ធិគ្នានោះទេ។ ផ្ទុយទៅវិញ វានាំឱ្យតែប្រជាពលរដ្ឋប៉ះអារម្មណ៍គ្នា រវាងអ្នកដែលពូនាំអោយទៅជេរ និងអ្នកដែលត្រូវគេជេរ។

លោក ហ៊ុន ម៉ាណែត តាងនាមជាក្មេងជំនាន់ក្រោយ ក៍សូមជូនយោបល់ទៅលោកពូថា៖ ថ្វីត្បិតតែលោកពូមានវ័យចំណាស់និងមានឋានៈខ្ពស់នៅក្រៅប្រទេសក៏ដោយ ក៏សកម្មភាពរបស់ពូបានបង្ហាញពីកម្រឹតនៃភាពចាស់ទុំនិងសីលធម៌របស់លោកពូ។ បើសកម្មភាពរបស់លោកពូមិនសមរម្យឬគ្មានការទទួលខុសត្រូវ ក៌មហាជនជាពិសេសក្មេងៗជំនាន់ក្រោយក៏មិនគោរពដែរ។ សូមអរគុណ។