
បើតាមព្រះរាជក្រឹត្យ ដែលធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២0១៨ នេះ ចុះហត្ថលេខា ដោយសម្តេច សាយ ឈុំ បានសម្រេចតែងតាំង លោក អ៊ូច ភា ជាអភិបាលខេត្តតាកែវ ជំនួសលោក ឡាយ វណ្ណៈ។ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ត្រូវបានផ្ទេរឲ្យមកបម្រើការនៅក្រសួងមហាផ្ទៃវិញ។ សូមបញ្ជាក់ថា លោក អ៊ូច ភា ជាអភិបាលរងខេត្តតាកែវ។
បើប្រឡែកមើលគណនីហ្វេសប៊ុក លោក ឡាយ វណ្ណៈ នៅថ្ងៃនេះ បានឱ្យដឹងថា៖ ព្រឹកថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ស្រង៉ែ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ព្រឹកនេះខ្ញុំបន្តចុះមកដល់ឃុំសំបួរ និងឃុំស្រង៉ែក្នុងស្រុកទ្រាំង ដើម្បីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នាយកសាលា មណ្ឌលសុខភាព លោកមេភូមិ មេភូមិរង សមាជិកភូមិ ដើម្បីសួរសុខទុក្ខ និងបង្កើនភាពស្និទ្ធស្នាលជាមួយមន្ត្រីមូលដ្ឋានរបស់យើង។
អតីតអភិបាលខេត្តតាកែវរូបនេះបន្តថា៖ សូមអរគុណដល់មន្ត្រីមូលដ្ឋានយើងដែលបានខិតខំបម្រើសេវាសាធារណៈបានយ៉ាងល្អជូនប្រជាពលរដ្ឋរបស់ខ្លួន ហើយសូមអ៊ុំ ពូ មីង បងប្អូនបន្តការផ្តល់សេវាឱ្យល្អបន្ថែមទៀត ព្រមទាំងបង្កើនឱ្យបានទ្វេដងចុះជួបប្រជាពលរដ្ឋតាមភូមិ តាមខ្នងផ្ទះដើម្បីដឹងពីសុខទុក្ខ ភាពក្តៅត្រជាក់ កង្វល់ សំណូមពរនានារបស់បងប្អូនប្រជាពលរដ្ឋយើង។





