
កាលពីថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ លោក សុខ ទូច បានចូលរួមក្នុងកម្មវិធី៖ «ទិវាចម្លាក់ឈើពិភពលោក» នៅខេត្តសៀមរាប ដែលមានការចូលរួមជាង១០០ប្រទេស។ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសរសើរកម្ពុជាថា ជាប្រទេសដែលស្រឡាញ់ និងថែរក្សា បរិស្ថាននិងព្រៃឈើ។
សាកលវិទ្យាធិការរូបនេះ អួតថាកម្ពុជាមិនមែនជាប្រទេសបំផ្លាញបរិស្ថានទេ កម្ពុជាមានឧស្សាហកម្មតូចណាស់ ខាងព្រៃឈើ។ កម្ពុជា ចាត់ទុកវិស័យទេសចរណ៍ ជាឧស្សាហកម្មឥតផ្សែង ដូច្នេះ ចាប់ពីពេលនេះតទៅលែងមានហើយពាក្យថាកាប់ឈើ ប៉ុន្តែយើងត្រូវតែអភិរក្ស និងបណ្តុះដើមឈើ។
បណ្ឌិតសភាចារ្យរូបនេះពន្យល់ថា៖ បើគ្មានព្រៃឈើ និងធម្មជាតិទេ ក៏គ្មានជម្រកសត្វដែរ ហើយអាចនឹងប៉ះពាល់ជីវិតមនុស្សថែមទៀត ហើយកម្ពុជាព្យាយាមបណ្តុះយុវជនជំនាន់ក្រោយឲ្យស្រឡាញ់ធម្មជាតិ។



សូមបញ្ជាក់ថា ទិវាចម្លាក់ឈើពិភពលោក (World Wood Day) តែងតែប្រារម្ភឡើងជារៀងរាល់ឆ្នាំ ពីប្រទេសមួយទៅប្រទេស។ សម្រាប់ឆ្នាំនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំទិវាចម្លាក់ឈើពិភពលោកនេះ ដែលប្រព្រឹត្តនៅក្រុងសៀមរាប ចាប់ពីថ្ងៃទី២១-២៥ ខែមីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ ព្រៃឈើ និងជីវិត។


