Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅទីបំផុត ជនសង្ស័យឈ្មោះ នឹម ឈីន ដែលកំពុងល្បីក្នុងបណ្តាញហ្វេសប៊ុក ពាក់ព័ន្ធករណីបង្កហិង្សាលើប្រពន្ធ ដោយធ្វើទារុណកម្មផ្លូវភេទ ថតវីដេអូសិច និងគំរាមបង្ហោះវីដេអូជាសាធារណៈ ត្រូវបានបញ្ជូនចូលដល់ពន្ធនាគារជាស្ថាពរហើយ។

តាមការបញ្ជាក់របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា បើទោះបីជាបណ្តឹងនារីរងគ្រោះជាប្រពន្ធ និងចម្លើយសារភាពបុរសជាប្តី ពុំស៊ីសង្វាក់គ្នា ហើយនារីរងគ្រោះ ពុំបានផ្តល់ភស្តុតាងជាក់លាក់ និងការបំភ្លឺច្បាស់លាស់ ដល់សមត្ថកិច្ច ក៏អាវុធហត្ថរាជធានីភ្នំពេញ នៅតែប្រឹងប្រែងបន្តកសាងនីតិវិធី និងប្រមែប្រមូលភស្តុតាង សម្រាប់ដាក់បន្ទុកឲ្យធ្ងន់ធ្ងរ ចំពោះជនសង្ស័យជាប្តីមិនឲ្យរួចខ្លួនឡើយ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃ២២ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចអាវុធហត្ថ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ ដែលប្រើអំពើហិង្សាក្នុងគ្រួសារ (លើអនីតិសង្វាស) ដោយគំរាមបង្ហោះរូបភាពសិច អំពើទារុណកម្មផ្លូវភេទ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យខាងលើ ក្រោមការត្រួតពិនិត្យពីបទ ទារុណកម្ម, អំពើឃោរឃៅ និងជួញដូរប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។ ហើយជនសង្ស័យ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចូលដល់ពន្ធនាគារក្នុងមណ្ឌលអប់រំកែប្រែទី១(ព្រៃស) កាលពីថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល រួចរាល់ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor