
ព្រៃវែងៈ កម្លាំងសមត្ថកិច្ចនគរបាលស្រុកពារាំង ស្ទាក់ចាប់គល់រាំងដ៏ធំមួយដើម ខណៈដែលក្រុមឈ្មួញដឹកតាមរ៉ឺម៉កម៉ូតូបម្រុងឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម កាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៨ ត្រង់ចំណុចខាងលិចគល់ស្ពានស្នាយពល ស្ថិតក្នុងភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
អធិការនគរបាលស្រុកពារាំង លោក ស៊ឹម កុសល បានឲ្យដឹងថា រ៉ឺម៉កដឹកគល់រាំងនេះ គឺឈ្មួញដឹកចេញពីស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាលដឹកឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៨ បម្រុងយកទៅលក់នៅប្រទេសវៀតណាម។ ប៉ុន្តែត្រូវបានកម្លាំងងរបស់លោកស្ទាប់ចាប់ឃាត់បានទាំងយប់នៅចំណុចខាងលើ រួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។

អធិការនគរបាលស្រុកពារាំង បន្តថា អ្នកបើកបររ៉ឺម៉កពេលឃើញកម្លាំងសមត្ថកិច្ចនៅពីមុខបានឈប់រ៉ឺម៉កលោតចុះរត់ចូលព្រៃគេចខ្លួនបាត់ស្រមោលទាំងយប់។ លោកថា លុះដល់ថ្ងៃទី៧ មីនា ទើបធ្វើកំណត់ហេតុប្រគល់ឲ្យមន្ត្រីជំនាញជលផលចាត់ការបន្តតាមនីតិវិធី។
លោក មុត ខេមរា នាយសង្កាត់រដ្ឋបាលជលផលស្រុកពារាំង បានប្រាប់ថា ចំពោះគល់រាំង ដែលមន្ត្រីនគរបាលស្រុកពារាំងឃាត់បានប្រគល់ឲ្យមកនេះ លោកបានជួលឡានទៅស្ទូចយកមកដាក់ដាំនៅក្នុងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨រួចរាល់ហើយ៕

