Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅពេលបច្ចុប្បន្ននេះ ទស្សនៈថា នារីបង្វិលកន្ទុយចង្គ្រាន មិនជុំ ឬថា ស្ត្រីចេះត្រឹមធ្វើការផ្ទះ គឺលែងមានន័យទៀតហើយ ដោយសារពេលបច្ចុប្បន្ននេះ នារីបានក្លាយជាដៃគូរមិនអាចខ្វះបានជាមួយបុរស និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ ដែលបានស្តែងឡើងតាមរយៈសមត្ថភាពដឹកនាំរបស់នារីជាថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពរដ្ឋ និងឯកជន ជាពិសេសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចព្រះមហាក្សត្រីនរោត្ត មុនី នាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ជាព្រះប្រធានកិត្តិយស និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជាបានបំពេញការងារជាច្រើនរួមចំណែកលើកកម្ពស់សិទ្ធិនារី និងកុមារ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន យកចិត្តទុកដាក់លើទុរគតជន ក្មេងកំព្រា ព្រមទាំងសកម្មភាពមនុស្សធម៌ជាច្រើនទៀត។

នេះបើតាមប្រសាសន៍របស់លោកស្រី ជា ស៊ីណា ឃួង ស្រេង ដែលជាភរិយាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូននារីជាបុគ្គលិក កម្មករ ក្រោមឱវាទមន្ទីរជាច្រើននាក់នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនានេះ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១០៧។

លោកស្រីបានបន្តថា ថ្ងៃនេះមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ដូចបងប្អូននារីនៅទូទាំងប្រទេស កំពុងរីករាយទទួលអំណរសាទរទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៨ លើកទី១០៧ ដែលជាការរំលឹកទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់បងប្អូននារីយើងក្នុងគ្រប់សកម្មភាពសង្គមប្រកបដោយសមធម៌ និងស្មើភាពជាមួយបុរស។

ជាមួយគ្នានោះ លោកស្រី ជា ស៊ីណា ក៏បានកោតសរសើរចំពោះបងប្អូននារីដែលបម្រើការងារមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបំពេញការងារច្រើនណាស់កន្លងមក ដើម្បីចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងថា បន្ថែមលើការងារស្នូលនៅក្នុងអង្គភាព មន្ត្រីរាជការនិយោជិតជានារី ក៏ត្រូវទទួលបន្ទុកនៅឯគេហដ្ឋានក្នុងឋានៈជាភរិយា, ជាម្តាយ,ជាបងស្រី, ជាប្អូនស្រីប្រកបដោយភាពអំណត់ខិតខំអប់រំណែនាំ ថែបំប៉នទាំងស្មារតី និងសកម្មភាពដើម្បីគ្រួសារមានសុភមង្គល។ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គឺជាមន្ទីរដែលមានបុគ្គលិក កម្មករជានារីច្រើងជាងគេ ដែលភាគច្រើនបងប្អូនទាំងនោះបំពេញដោយក្រោមកម្ដៅថ្ងៃ ក្រោមភ្លៀងក្នុងបុព្វហេតុអភិវឌ្ឍន៍រាជធានីភ្នំពេញ ដូចជា កសាង ថែទាំសួនច្បារ, ផ្លូវថ្នល់, ប្រពន្ធ័លូ, អគ្គិសនីបំភ្លឺសាធារណៈជាដើមមិនចាញ់បុរសឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor