
ភ្នំពេញៈ តាមរយៈសមាគមអភិវឌ្ឍន៍ខ្សែសង្វាក់ឧស្សាហកម្មកម្ពុជា របស់ប្រទេសចិន ប្រចាំនៅប្រទេសកម្ពុជា ចិនបានបើកវេទិការបណ្តុំនៃខ្សែសង្វាក់អាស៊ាន ដែលមានគោលបំណងទាក់ទាញអ្នកវិយោគទុនចិន និងបណ្តាប្រទេសនានា មកធ្វើការដាក់ទុនរកស៊ីនៅកម្ពុជា ឲ្យបានកាន់តែច្រើន។
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងក្នុងវេទិការដាក់សម្ពោធក្រុមហ៊ុន Entapay Network Technology និងសមាគមអភិវឌ្ឍន៍ខ្សែសង្វាក់ឧស្សាហ៍កម្មកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគាសុខាភ្នំពេញថា ក្រុមហ៊ុន និងសមាគមចិនធំៗចំនួន២ទៀត បានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលវានឹងធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា និងប្រទេសចិន កាន់តែរឹងមាំបន្ថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម, វិនិយោគទុន និងទេសចរណ៍។
លោកស្រី បានកើតសរសើរដល់សមាគមសភាពាណិជ្ជកម្មចិន នៅកម្ពុជា ដែលមានជំនឿមុតមាំ មកលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានជំរុញពាណិជ្ជកម្ម និងធុរកិច្ចចិននៅក្នុងកម្ពុជា ។
ជាមួយគ្នានោះដែរ លោកស្រីឧបកនាយករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន និងសមាគមថ្មីនេះ នឹងរួមចំណែកអភិវឌ្ឍន៍កម្ពុជា តាមរយៈការនាំចូលនូវទុនវិនិយោគ និងបច្ចេកវិទ្យាទំនើប ដែលពាក់ព័ន្ធនឹងទូរគមនាគមន៍ បច្ចេកវិទ្យា ICT និងវិនិយោគលើវិស័យជាច្រើន ក្នុងនោះដូចជា៖ កសិកម្ម ឧស្សាហ៍កម្ម ពាណិជ្ជកម្ម សុខាភិបាល និងធានារ៉ាប់រងជាដើម។
លោកស្រីថា លើសពីនេះទៅទៀត ក្រុមហ៊ុន និងសមាគមថ្មីទាំងពីរ នឹងជួយបង្កើនទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា និងប្រទេសចិន ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគទុន ទេសចរណ៍ ឲ្យបានកាន់តែរឹងមាំថែមទៀត ។
ក្រុមហ៊ុន និងសមាគមទាំង២ ត្រូវបានជួបគ្នាឡើងចំពេលកម្ពុជា កំពុងតែមានសុខសន្តិភាពមានការទាក់ទាញផ្នែកពាណិជ្ជកម្ម និងអ្នកវិនិយោគផ្ទាល់ពីបរទេស។ ដោយសារប្រទេសកម្ពុជា មានស្ថេភាពល្អផ្នែកសេដ្ឋកិច្ច និងនយោបាយ និងគោលនយោបាយគាំទ្រដល់អាជីវកម្ម ។
ម្យ៉ាងទៀត ការបង្កើតស្នាក់ក្រុមហ៊ុនថ្មី និងសមាគមនាពេលនេះ ពិតជាជំរើសដ៏ត្រឹមត្រូវ ព្រោះថា រាជធានីភ្នំពេញជាបេះដូង នៃប្រទេសកម្ពុជា ដែលជាទីតាំងយុទ្ធសាស្ត្រដ៏ល្អ សម្រាប់ការស្នាក់នៅ ធ្វើការងារ និងកន្លែងធ្វើការតាមបែបទំនើប ជាពិសេសសម្រាប់ជនបរទេស ។
លោកស្រី ម៉ែន សំអន បានលើកឡើងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា រក្សាបានកំណើនសេដ្ឋកិច្ច ៧ភាគជាប់ៗគ្នា ដែលជាទុនសម្រាប់អ្នកវិនិយោគ បរទេសចូលមកបណ្តាក់ ទុននៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់អ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ។ ជាក់ស្តែងថ្ងៃនេះ ក្រុមហ៊ុន Entapay Network Technology និងសមាគមអភិវឌ្ឍន៍ខ្សែសង្វាក់ឧស្សាហ៍កម្មកម្ពុជា បានបើកសម្ពោធនាពេលនេះ។ ដោយមានទំនាក់ទំនងដ៏ល្អប្រសើរ ស្អិតរមួត រវាងកម្ពុជានិងចិន កាន់តែរីកចម្រើន ស្របពេលដែលប្រទេសចិន មានគម្រោងដ៏ធំមួយ គឺគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់១ ផ្លូវ១» កំពុងដំណើរការ និងបានទាក់ទាញការចូលរួមយ៉ាងសកម្ម ពីប្រទេសជាច្រើននៅក្នុងតំបន់ និងក្រៅតំបន់ រួមទាំងកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោកស្រីឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការអរគុណ ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃ របស់អ្នកវិនិយោគចិន ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្ដានុពលខ្ពស់ ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ លោកស្រី ក៏បានផ្តាំផ្ញើដល់ក្រុមហ៊ុន និងសមាគមទាំង២នេះ សូមគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ដែលច្បាប់កម្ពុជាបានកំណត់។
ចំណែកលោក Deng Weibin អនុប្រធានសមាគមអភិវឌ្ឍន៍ខ្សែសង្វាក់ឧស្សាហកម្មកម្ពុជា បានលើកឡើងក្នុងវេទិកាថា ទស្សនវិស័យនៃការអនុវត្តខ្សែសង្វាក់មានសក្តានុពលដ៏ធំទូលាយ លើសពីការស្រមើលស្រមៃ ការកើនឡើងនូវនិន្នាការនេះ ពិតជាប្រាកដមែន។ សមាគមអភិវឌ្ឍន៍ខ្សែសង្វាក់ឧស្សាហកម្មកម្ពុជា ត្រូវបានបង្កើតយ៉ាងឆាប់រហ័សនេះ បានបង្ហាញពីជំហរវិជ្ជមានរបស់រដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មខ្សែសង្វាក់ ។ សមាគមមានគោលបំណង ដើម្បីជំរុញការកសាង និងអភិវឌ្ឍនូវបរិស្ថានថ្មី នៅក្នុងខ្សែសង្វាក់កម្ពុជា និងជួយឲ្យសហគ្រាសខ្សែសង្វាក់រីកចម្រើនកាន់តែប្រសើរនិងឆាប់រហ័ស៕
