
ស្វាយរៀងៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញក្រុងស្វាយរៀង ឃាត់ខ្លួនកាលពីព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីព្រឹក នៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ពាក់ព័ន្ធករណីចរាចរប្រាក់រៀលក្លែងក្លាយ។
សមត្ថកិច្ចខេត្តស្វាយរៀង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភួង សាន អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
សមត្ថកិច្ច បានបន្តថា មុនឈានដល់ការឃាត់ខ្លួន គឺជនសង្ស័យបានយកក្រដាស់ថតចម្លងប្រាក់រៀលក្លែងក្លាយ ជាប្រភេទក្រដាស់ប្រាក់ ១០.០០០រៀល មួយសន្លឹក ទៅទិញមីកំប៉ុងពី ឈ្មោះ រាជ សាវ៉ន ហៅ យាយក្រិច ភេទស្រី អាយុ៧០ឆ្នាំមុខរបរមេផ្ទះ នៅភូមិ សាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញក្រុងស្វាយរៀង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃឆ្លាក់ និងកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះទៅដល់កន្លែង ហើយឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាងរួមមាន ៖ ក្រដាសថតចម្លងប្រាក់រៀលក្លែងក្លាយប្រភេទ ១០.០០០រៀលចំនួន ១៩៨សន្លឹក ក្រដាស់ថតចម្លងប្រាក់រៀលក្លែងក្លាយប្រភេទ ៥.០០០រៀល ចំនួន៥១សន្លឹក សរុបចំនួន២៤៩សន្លឹក និងម៉ូតូ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕


