
សៀមរាបៈ អគ្គិសនីកម្ពុជា បានចេញមកអះអាងថា បង្គោលភ្លើងបំភ្លឺផ្លូវនៅកណ្តាលក្រុងសៀមរាប ដែលឆ្លងភ្លើងឆក់នារីម្នាក់ស្លាប់កាលពីវេលាទាបភ្លឺ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះឡើយ។
ការចេញមកបញ្ជាក់របស់អគ្គិសនីកម្ពុជា បានធ្វើឡើងក្រោយពេលដែលនារីម្នាក់នៅទាបភ្លឺថ្ងៃ បានស្លាប់បាត់បង់ជីវិត ដោយសារឆក់ចរន្តអគ្គិសនីពេលរូបនាងយកដៃប៉ះបង្គោលភ្លើង១ដើម ស្ថិតនៅចំណុចបង្គោលភ្លើងលេខ៥៥៩ ផ្លូវបេតុង ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។

នារីគ្រោះត្រូវគេស្គាល់ឈ្មោះ ថា ភា អាយុ២២ឆ្នាំ មុខរបរបុគ្គលិកហាងតាលាភ អូរឫស្សី២ ស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។
ក្រោយពេលមានរឿងហេតុកើតឡើង មជ្ឍដ្ឋានខ្លះ នាំគ្នារិះគន់ និងបានចោទប្រកាន់ថាករណីនេះបណ្តាលមកពីខាងមន្ត្រីអគ្គិសនីក្នុងខេត្តសៀមរាបមិនយកចិត្តទុកដាក់រៀបចំបង្គោលភ្លើងឲ្យត្រឹមត្រូវ ទើបធ្វើឲ្យឆ្លងចរន្តស្លាប់មនុស្សបែបនេះ។

ក្រោយការរិះគន់នេះ អគ្គិសនីកម្ពុជាបានចេញមុខអះអាងថា បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ មិនស្ថិតនៅក្រោមការគ្រប់គ្រង និងទទួលខុសត្រូវរបស់អគ្គិសនីកម្ពុជា ឬអគ្គិសនីខេត្តនោះទេ។
បើតាមមន្ត្រីខេត្តសៀមរាបបានអះអាងថា បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈនេះ ត្រូវរៀបចំ និងគ្រប់គ្រងដោយសាលាខេត្តផ្ទាល់តែម្តង៕





