
ភ្នំពេញៈ បន្ទាប់ពីមានករណីផ្ទុះអាវុធមួយប្រាវរវាងកម្លាំងមន្ត្រីអាវុធហត្ថល្បាតក្នុងមូលដ្ឋាន និងក្រុមចោរប្រដាប់ដោយអាវុធអាកា បណ្ដាលឲ្យជនសង្ស័យម្នាក់ រងរបួសហើយនោះ ជនសង្ស័យបានសារភាពថា មានប៉ូលិសពាក់ស័ក្តិ៣ ជាអ្នកជួលក្នុងតម្លៃ៣០០០ដុល្លារ ឲ្យធ្វើសកម្មប្លន់ផ្ទះលក់សាំងនៅខណ្ឌព្រែកព្នៅ។ យ៉ាងណា ករណីប្លន់ផ្ទះលក់នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតកាំភ្លើងមួយដើម បាន និងកំពុងបើកការស្រាវជ្រាវរកធាតុពិត។
សេចក្ដីរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន Cam Post ឲ្យដឹងថា មានការភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោងប្រមានជាង៩យប់ ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ ដោយក្រុមជនសង្ស័យ៥នាក់ ប្រដាប់ដោយកាំភ្លើងអាកាចំនួន២ដើម បានចូលប្លន់ផ្ទះលក់ប្រេងសាំងមួយកន្លែង នៅតាមបណ្ដោយផ្លូវអូរដឹម ទំនប់កប់ស្រូវ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប៉ុន្តែមិនបានសម្រេចឡើយ។

មិនសម្រេច ក៏ព្រោះតែខណៈពេលជនសង្ស័យកំពុងវាយកូនម្ចាស់ផ្ទះបណ្ដាលឲ្យរបួសនោះ ត្រូវកម្លាំងអាវុធហត្ថល្បាតក្នុងមូលដ្ឋានមកដល់ទាន់ពេល ហើយទាញកាំភ្លើងបាញ់សំដៅសមត្ថកិច្ចល្បាត ប៉ុន្តែមិនផ្ទុះ ទើបត្រូវខាងកម្លាំងសមត្ថកិច្ចបាញ់តបទៅវិញ ត្រូវជើងជនសង្ស័យម្នាក់ ដេកដួលនៅនឹងកន្លែង។ ភ្លាមៗ ដោយឃើញសភាពការណ៍មិនស្រួល បក្ខពួកជនសង្ស័យ៤នាក់ផ្សេងទៀត បានដាក់មេប្រូចរត់ចូលដីឡូត៍កន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

សេចក្ដីរាយការណ៍បន្តថា ជនរងគ្រោះមានឈ្មោះ ថោង គិរី ភេទប្រុស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ មុខរបរលក់ប្រេងសាំង ត្រូវជាប្តី និងប្រពន្ធឈ្មោះ សេក ចិន្តា ជនជាតិខ្មែរ អាយុ៤៧ឆ្នាំ មុខរបរលក់ប្រេងសាំង ស្នាក់នៅកន្លែងកើតហេតុ។ យ៉ាងណា ក្នុងករណីប្លន់ប្រដាប់អាវុធខាងលើនេះ ជនសង្ស័យមិនទាន់ត្រូវបានឲ្យស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែបើតាមប្រភពពីកន្លែងកើតហេតុ ជនសង្ស័យបានសារភាពថា មានប៉ូលិសពាក់ស័ក្ត៣ ជួលឲ្យប្លន់ ក្នុងតម្លៃ៣០០០ដុល្លារ ហើយអត្តសញ្ញាណអ្នកជួលក៏មិនទាន់ដឹងផងដែរ។

ភ្នាក់ងារដដែលបន្ថែមទៀតថា ក្នុងអំឡុងពេលភ្ញាក់ផ្អើលករណីប្លន់ប្រដាប់អាវុធ ដោយមានប៉ូលិសស័ក្ដិ៣ ជួលឲ្យធ្វើសកម្មភាពនោះ មានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងសមត្ថកិច្ចជាច្រើនរូប បានចូលទៅក្នុងដីឡូត៍ក្នុងព្រៃ ដើម្បីរុករកក្រុមជនសង្ស័យ ដែលរត់គេចខ្លួនដោយមានកាំភ្លើង AK47 ១ដើម នៅក្នុងដៃ ប៉ុន្តែការរុករកអស់ជាច្រើនម៉ោង នៅមិនទាន់ឃើញ ទើបកម្លាំងសមត្ថកិច្ចក៏ដូចជាកងរាជអាវុធហត្ថ បានដកកម្លាំងមកវិញ រង់ចាំតាមស្រាវជ្រាវនៅពេលក្រោយបន្តទៀត។
អង្គភាពសារព័ត៌មាន Cam Post នឹងផ្សាយជូនពិស្ដារបន្ថែមទៀត អំពីករណីប្លន់ប្រដាប់អាវុធនៅផ្ទះលក់ប្រេងសាំងក្នុងខណ្ឌព្រែកព្នៅ ខាងលើនេះ នៅពេលក្រោយ៕





