header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

តាកែវ៖ខណៈពេលនេះក្រុមប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាយផ្លូវលេខ១២៩ហៅប្រឡាយ០១  ដែលមានទីតាំងនៅឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ នៅព្រឹកវេលាម៉ោង០៨ ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៨នេះ បាននាំគ្នាធ្វើកូដកម្មបិទផ្លូវ និងដុតសំបកកង់ឡាន ដើម្បីទាមទារឲ្យអាជ្ញាធរខេត្ត ក៏ដូចអាជ្ញាធរស្រុក រកដំណោះស្រាយដល់ពួកគាត់ទៅលើបញ្ហា ដែលពួកគាត់រស់នៅពិបាកនឹងរស់នៅដោយសារ តែមានដីហុយជារៀងរាល់ថ្ងៃ ។

តំណាងឲ្យប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ជេញឈ្មោះ បានឲ្យដឹងថា ផ្លូវប្រឡាយ០១ ដែលមានទីតាំងជាប់នឹងស្រុកពីររបស់ខេត្តតាកែវ គឺស្រុកទ្រាំង និងស្រុកបូរីជលសារនេះ ជាផ្លូវដែលមានសភាពហុយខ្លាំង ពោលគឺដោយសារតែផ្លូវប្រឡាយ០១នេះ ជាផ្លូវដែលរថយន្តធំៗ ប្រភេទយីឌុប បើកឆ្លងកាត់សឹងតែគ្រប់នាទី តាំងពីព្រឹករហូតដល់យប់ ព្រោះវាជាផ្លូវចូលទៅច្រកកំពង់អំពិល ដែលជាច្រកទ្វារអន្តរជាតិ នាំទំនិញចេញ ចូល ជាគ្រឿងដែក ស៊ីម៉ង់ និងទំនិញជាច្រើនប្រភេទ ពីប្រទេសវៀតណាម ដូច្នោះហើយទើបមានរថយន្តធំៗ បើកបរដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាយប្រឡាយ០១នេះ ពិបាកទ្រាំនឹងដីហុយទាំងនេះខ្លាំងណាស់ ។

ប្រភពដដែល បានឲ្យដឹងទៀតថា អស់រយៈពេលជាង៣០ឆ្នាំទៅហើយ ដែលពួកគាត់នៅទ្រាំហិត និងស្រូបយកធូលីដីដែលហុយចូលផ្ទះរបស់ពួកគាត់ ហើយបើសិនជាអាជ្ញាធរខេត្ត និងស្រុក មិនរកដំណោះស្រាយដល់ពួកគាត់នោះទេ នោះបញ្ហាចម្បង គីប្រជាពលរដ្ឋនៅទីនោះ ពិសេសគឺក្មេងៗតែម្តង អាចប្រឈមនឹងជម្ងឺ ដែលនឹងធ្វើឲ្យពួកគាត់រឹតតែពិបាកថែមមួយកម្រិតទៀត ។

លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង លោក ណុប នី ប្រធានមន្ទីរសារធារណៈនិងដឹកជញ្ជូនខេត្តតាកែវ រួមជាមួយនឹងមន្រ្តីអាជ្ញាធរស្រុក ឃុំ លោកអធិការស្រុក លោកមេបញ្ជាការស្រុក នៅបានចុះទៅអប់រំណែនាំ និងធ្វើការសម្របសម្រួលជាមួយនឹងប្រជាពលរដ្ឋភ្លាមៗផងដែរ ប៉ុន្តែអ្វីដែលអាជ្ញាធរចុះមកដោះស្រាយនៅពេលនេះ គឺគ្រាន់តែឲ្យរថយន្តពន្លាត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តតាកែវ បាញ់ទឹកតាមបណ្តាយផ្លូវប្រឡាយ០១នេះ កុំឲ្យហុយបានតែមួយគ្រាប៉ុណ្ណោះ ខណៈដែលការចង់បានរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះ គឺចង់បានផ្លូវមួយនេះ ជាផ្លូវចាក់កៅស៊ូ ព្រោះបើកាលណាចាក់កៅស៊ូហើយ នឹងលែងមានដីហុយធ្វើឲ្យពួកគាត់ពិបាកទៀតហើយ ។

សូមបញ្ជាក់ការ ខណៈពេលនេះ បងប្អូនប្រជាពលរដ្ឋ បានបើកផ្លូវដើម្បីឲ្យរថយន្តធ្វើចរាចរណ៍ឡើងវិញហើយ ខណៈដែលឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត បានស្នើសុំចិត្តបងប្អូនប្រជាពលរដ្ឋកុំធ្វើដូច្នោះ អាជ្ញាធរនឹងខិតខំដោះស្រាយជូនបងប្អូនឲ្យអស់ពីលទ្ធភាព ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post