
ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងថា អ្នកដែលពួនសម្ងំរកសុខតែខ្លួនឯង ក្នុងប្រទេសមានសង្គ្រាមបែរជាមកតាំងខ្លួនជាអ្នកស្នេហារជាតិទៅវិញ ។
ការលើកឡើងរបស់សម្តេច ប្រមុខក្រសួងការពារជាតិកម្ពុជា បន្ទាប់ពីឃើញសកម្មភាពរបស់ក្រុមអតីតបក្សប្រឆាំងមួយចំនួន បានតាំងខ្លួនជាស្នេហាជាតិ ដោយខ្លួនមិនបានជួយដល់ជាតិ ពិសេសនោះក្នុងប្រទេសគ្រាដែលមានសង្គ្រាម អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើបណ្តាញសង្គម នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា ក្នុងគ្រាដែលមានសង្គ្រាម មនុស្សមួយចំនួនដែលតាំងខ្លួនជាអ្នកស្នេហាជាតិ បានរត់ចាកចោលប្រទេស ទៅពួនសម្ងំយកសុខតែរៀងខ្លួន ទុកឲ្យប្រជាពលរដ្ឋខ្មែររាប់លាននាក់ រួមទាំងវីរជនរបស់យើង ធ្វើការតស៊ូរើបម្រះ រហូតទទួលបានសុខសន្តិភាព និងរស់នៅដោយភាពសប្បាយរុងរឿងមកដល់បច្ចុប្បន្ន ។
សម្តេចបានបញ្ជាក់ថា« រឿងដែលខ្ញុំគិតមិនយល់នោះគឺ អ្នកដែលបានរត់ទៅសម្ងំសុខតែរៀងខ្លួននាពេលកលយុទ្ធ បែរជាមកតាំងខ្លួនជាអ្នកស្នេហាជាតិ និងចង់សង្គ្រោះជាតិក្នុងគ្រាសន្តិភាពទៅវិញ»៕
