
កំពតៈ មន្ត្រីជំនាញម្នាក់ បានប្រាប់ថា អាជីវករនៅរមណីយដ្ឋានទឹកឈូជាច្រើននាក់ ប្រត្តិកម្មចំពោះក្រុមគ្រួសារ អ្នកមានអំណាចម្នាក់ បានសាងសង់ខ្ចុះអង្គុយ នៅមាត់ទឹក និងជាយខាងក្រោមជាប់ផ្លូវធ្វើចរាចរតាមទំនើងចិត្ត មិនក្រែងរអែង និងគោរពតាមការណែនាំរបស់មន្ទីរជំនាញ មន្ទីរពាក់ព័ន្ធ និងអាជ្ញារមូលដ្ឋានឡើយ ដោយបានអះអាងថា ខ្លួនមានការអនុញ្ញាតពីថ្នាក់លើត្រឹមត្រូវ។ ហើយពួកអាជីវករស្នើសុំឲ្យរដ្ឋបាលខេត្តកំពត ចុះទៅពិនិត្យ និងរុះរើខ្ចុះដែលបាននឹងកំពុងសាងសង់នោះចេញ។
តាមការឲ្យដឹងពីមន្ត្រីជំនាញរបស់មន្ទីរទេសចរណ៍ម្នាក់ បានលើកឡើងថា ក្រុមគ្រួសាររបស់លោកស្រី ឆាយ ខាត់ឌីយ៉ា និងស្វាមីជាមន្ត្រី PM ខេត្ត បាននឹងកំពុងសាងសង់ខ្ចុះបន្ថែម តាមអំពើចិត្ត គ្មានការសួរនាំ និងសុំការអនុញ្ញាតពីមន្ទីរជំនាញទេ ហើយក៏មិនខ្វល់អំពីការការពារសុវត្ថភាពជូនភ្ញៀវមកកម្សាន្តដែរ។ មន្ត្រីរូបនោះបានបន្តថា មន្ទីរទេសចរណ៍ ធ្លាប់បានអនុញ្ញាតឲ្យ លោកស្រី ឆាយ ខាត់ឌីយ៉ា សាងសង់ខ្ចុះបន្ថែមម្តងហើយ ប៉ុន្តែលោកស្រីនៅតែចង់សាងសង់បន្ថែមទៀត បើទោះជាទីតាំងនោះមិនសមស្រប ប៉ះពាល់ដល់បរិស្ថាន និងការការពារសុវត្ថភាពភ្ញៀវក៏ដោយ។ មន្ត្រីដដែលនោះបានបញ្ជាក់ថា មន្ទីរទេសចរណ៍ មិនអនុញ្ញាតឲ្យសាងសង់ខ្ចុះបន្ថែមទេ ទាំងខ្ចុះនៅលើទឹក និងខ្ចុះនៅខាងក្រោមជាប់ផ្លូវធ្វើចរាចរ ព្រោះព្រោះវាប៉ះពាល់ដល់បរិស្ថាន និងការការពារសុវត្ថិភាពភ្ញៀវ ក្នុងករណីមានហេតុមិនប្រក្រតីកើតឡើង ដូចជាការបង្ហូរទឹកពីទំនប់វារីអគ្គិសនីកំចាយមកខ្លាំង ធ្វើឲ្យលេចនិងប៉ើងខ្ចុះ។ ចំណែកខ្ចុះជាប់ផ្លូវវិញ ដើម្បីសង់បាន ត្រូវកាប់ព្រៃ គាស់ថ្ម និងបូកប៉េតុងឡើង ធ្វើឲ្យប៉ះពាល់សោភ័ណ្ឌភាពមាត់ព្រែក ជាពិសេស ប្រសិនបើមានគ្រោះថ្នាក់ចរណ៍ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់ភ្ញៀវដែលអង្គុយនៅក្នុងខ្ចុះខាងក្រោមជាប់ផ្លូវនោះ។

មន្ត្រីរូបនោះក៏បានបង្ហើឲ្យដឹងដែរថា មានអាជីវករជាច្រើនដាក់ពាក្យប្តឹងមកមន្ទីរ ព្រោះពួកគេមិនពេញចិត្តចំពោះទង្វើរបស់គ្រួសារ លោកស្រី ឆាយ ខាត់ឌីយ៉ាទេ ប៉ុន្តែពួកគេមិនហ៊ានតវ៉ាហ៊ាស្តីនៅចំពោះមុខឡើយ ព្រោះកន្លងមក លោកស្រីម្នាក់នេះ អាងស្វាមីជាមន្ត្រី PM ខេត្ត និងអាងកូនជាអ្នកសារព័ត៌មានល្បីឈ្មោះម្នាក់នៅស្ថានីយ៍ទូរទស្សន៍ឯកជនមួយ ធ្លាប់បានទៅជេរស្តីអាជីវកររកស៊ីជាមួយគ្នាដល់ផ្ទះតែម្តង។

គួររំលឹកថា លោកស្រីឆាយ ខាត់ឌីយ៉ា ក៏ធ្លាប់បានប្រើពាក្យជាមួយអ្នកសារព័ត៌ដែលថា «បើចុះផ្សាយ ចុះឲ្យស្រួលបួល ព្រោះកូនរបស់គាត់ក៏ជាអ្នកសារព័ត៌មាននៅស្ថាននីយ៍ទូរទស្សន៍ ល្បីឈ្មោះមួយរូបដែរ» ។
ជុំវិញបញ្ហានេះ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុលបានប្រាប់តាមទូរស័ព្ទនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨នេះថា មន្ទីរមិនអនុញ្ញាត ឲ្យនរណាម្នាក់សាងសង់ខ្ចុះអង្គុយបន្ថែមនៅក្នុងតំបន់ដែនគ្រប់គ្រងរបស់មន្ទីរទេ ព្រោះវាប៉ះពាល់ដល់ការថែរក្សា អនាម័យ បរិស្ថាន និងសុវត្ថភាពជូនភ្ញៀវជាតិ និងអន្តរជាតិ ក្នុងករណីមានហេតុមិនប្រក្រតីកើតឡើង។ លោកបន្ថែមថា ចំពោះការសាង់សង់ខ្ចុះបន្ថែមរបស់អាជីវករ ឈ្មោះ ឆាយ ខាត់ឌីយ៉ានេះ មន្ទីរមិនបានអនុញ្ញាតទេ និងបានផ្ញើលិខិតអញ្ជើញឲ្យមកប្រជុំ ណែនាំជាច្រើនដង ប៉ុន្តែលោកស្រី ឆាយ ខាត់ឌីយ៉ា មិនមកចូលរួមតាមការអញ្ជើញទេ។
ពាក់ព័ន្ធការលើកឡើងខាងលើ CAM POST នៅមិនទាន់មានលេខទូរស័ព្ទដើម្បីធ្វើការទំនាក់ទំនង សូមការបកស្រាយ បំភ្លឺអំពី លោក ស្រី ឆាយ ខាត់ឌីយ៉ា បានទេ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៨នេះ៕







