
មណ្ឌលគិរីៈ សត្វស្វាស្រូវប្រមាណ៣២ក្បាល ត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា ខណៈសត្វស្វាទាំងនោះ ត្រូវបានឈ្មួញទុច្ចរិតដឹកយកទៅបម្រុងលក់ក្នុងទីផ្សារងងឹត។ ការសង្គ្រោះសត្វស្វាខាងលើ ធ្វើឡើងពីសំណាក់នគរបាលប៉ុស្តិ៍រដ្ឋបាលមេម៉ង់ សហការជាមួយស្នាក់ការបរិស្ថានប្រចាំឃុំមេម៉ង់ និងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧៦៤ កាលពីម៉ោង៤ទាបភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ។
លោក ស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមា បានឲ្យដឹងថា កម្លាំងប៉ុស្តិ៍មេម៉ង់បានសហការជាមួយស្នាក់ការបរិស្ថានប្រចាំឃុំមេម៉ង់ និងកងរាជអាវុធហត្ថស្នាក់សន្តិសុខ៧៦៤ បានឃាត់ម៉ូតូសង្ស័យចំនួន២គ្រឿង ម៉ូតូទី១.ម៉ាក Exciter ពណ៌ក្រហម ម៉ូតូទី២. ឆ្លាមកែច្នៃ ដោយម្ចាស់ម៉ូតូរត់គេចខ្លួនបាត់។ ក្រោយការឆេកឆេរសមត្ថកិច្ចបានរកឃើញនូវសត្វស្វាចំនួន៣២ក្បាល ក្នុងនោះវាបានងាប់៨ក្បាលទៅហើយ ។
លោកថា សត្វស្វានោះជាអំបូរស្វាស្រូវ ហើយយើងបានរំដោះពីដៃឈ្មួញនៅត្រង់ចំណុចក្រោមភ្នំកាច់ករ ភូមិសាស្ត្រ ឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ លោកអធិការ បានបញ្ជាក់ថា ម៉ូតូជាមធ្យោបាយរបស់ឈ្មួញ ត្រូវយកមករក្សាទុកនៅស្នាក់ការបរិស្ថាន ។ ឯសត្វស្វាដែលនៅរស់បានយកទៅដោះលែងឲ្យមានសេរីភាពក្នុងជម្រករបស់វាដដែល ដោយឡែកស្វាដែលងាប់តម្រូវឲ្យយកទៅដុតបំផ្លាញចោល៕



