Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ រថយន្តធន់យក្សចំនួន៦គ្រឿង គ្មានដឹកអីវ៉ាន់ ត្រូវបានម្ចាស់បើកយកមកចតចោលចំកណ្តាលផ្លូវ មុខច្រកទ្វារភ្នំដីគីឡូ១៣ ស្រុកសំពៅលូន ចម្ងាយជិត១គីឡូម៉ែត្រ ពីច្រកទ្វារ រួចម្ចាស់ដកសោ នាំគ្នាអង្គុយផឹកធ្វើមិនដឹង បង្កការកកស្ទះចរាចរណ៍ពេញស្រុកសំពៅលូន បង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចេញមករកម្ចាស់រថយន្តព្រោងព្រាត ដើម្បីឲ្យយករថយន្តចេញពីផ្លូវ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៖៣០នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចលើផ្លូវក្បែរមាត់ច្រក ស្ថិតក្នុងឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកវរៈសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការស្រុកសំពៅលូន បានឲ្យដឹងថា រថយន្តទាំង៦គ្រឿងនេះ មិនមានផ្ទុកទំនិញទេ មិនមានអ្នកណាឃាត់ឃាំងទេ ស្រាប់តែម្ចាស់បើកបរយកមកចតចោលលើផ្លូវសាធារណៈ បង្កការកកស្ទះចរាចរណ៍ ដោយមិនដឹងពីមូលហេតុឡើយ លោកនិងបញ្ជាឲ្យកូនចៅស្វែងរកម្ចាស់រថយន្តមកបើកយករថយន្តចេញពីផ្លូវវិញ ករណីរកមិនឃើញម្ចាស់ស្នើសុំទៅលោកស្នងការខេត្ត ដើម្បីយករថយន្តស្ទូចមកស្ទូចយកចេញពីផ្លូវវិញ។

លោកបន្តថា រថយន្តទាំង៦គ្រឿងនេះ របស់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនមួយ អាចមានទំនាស់រវាងក្រុមហ៊ុន និងក្រុមហ៊ុន ខឹងគ្នាបែរជាយករថយន្តមកសាងទំនិញមិនបានក៏យករថយន្តមកចតចោលកណ្តាលផ្លូវ បង្កការកកស្ទះការធ្វើដំណើរដល់ប្រជាពលរដ្ឋគ្រប់គ្នា។

ទាក់ទងនិងបញ្ហានេះ លោក ងាវ ប៊ុនយាង អភិបាល នៃគណៈអភិបាលស្រុកសំពៅលូន បានឲ្យដឹងថា រថយន្តធន់យក្សទាំង៦គ្រឿងនេះ ជារបស់ក្រុមហ៊ុនលោក លី គារ មូលហេតុដែលរថយន្តនេះ បើកមកចតចំកណ្តាលផ្លូវ បង្កការកកស្ទះចរាចរណ៍ ដោយសារមានទំនាស់ជាមួយក្រុមហ៊ុនទារផាស៊ីចំណតរថយន្តស្រុកសំពៅលូន កាក់ឃាត់រថយន្តរបស់ក្រុមហ៊ុនលោក លី គារ ដែលផ្ទុកទំនិញនាំមកពីថៃជាង១០គ្រឿង កាលពីព្រឹកថ្ងៃទី៤ ខែមីនា ។

លោកអភិបាលស្រុកបន្តថា មូលហេតុដែលក្រុមហ៊ុនទារផាស៊ីស្រុកសំពៅលូន កាក់ឃាត់រថយន្តក្រុមហ៊ុន លី គារ ដោយសារក្រុមហ៊ុន លី គារ មិនព្រមបង់ផាស៊ីឲ្យចំណត ទើបកម្លាំងសមត្ថកិច្ចរួមនិងម្ចាស់ចំណតផាស៊ីស្រុកសំពៅលូន កាក់ឃាត់រថយន្តទាំងនោះ ឲ្យយកលុយមកបង់ក្បាលឡានតែម្ចាស់ទំនិញ និងរថយន្តមិនព្រមបង់ ដែលកន្លងមកធ្លាប់បង់ ក្នុងរថយន្ត១គ្រឿង៣ម៉ឺនរៀល។

តែពេលនេះ ចរារចរណ៍មិនកកស្ទះទេមានផ្លូវវាង តែលោកក្នុងនាមជាអាជ្ញាធរស្រុក កំពុងឲ្យធ្វើការសម្របសម្រួលនិយាយចរចាគ្នាដោយសន្តិវីធី មិនអាចឲ្យយករថយន្តមកចតលើផ្លូវសាធារណៈយូរបានទេ ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor