
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ មីនា ខាងមុខនេះ សម្ដេចនឹងធ្វើដំណើរទៅប្រទេសអូស្រ្តាលី ដើម្បីចូលរួមប្រជុំអាស៊ាន-អូស្ដ្រាលី ប៉ុន្ដែទៅនេះ មិនមែនសម្រាប់ការចរចា ជាមួយអតីតគណបក្សសង្គ្រោះជាតិ(CNRP) ឡើយ ។
នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តឈូកវ៉ាថា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា "ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថា តើអ្នកបានធ្វើអ្វីខ្លះហើយ អ្នកមកចង់ចរចាជាមួយខ្ញុំ! អ្នកបានប្រព្រឹត្តអំពើក្បត់ជាតិ ក្បត់ប្រជាជន! បេះដូងហ៊ុន សែន មិនមែនសម្រាប់តែចរចាទេ ”។
សម្តេចថា “នៅថ្ងៃទី១៥នេះ ខ្ញុំចេញពីភ្នំពេញទៅអូស្រ្តាលី! គេនិយាយនឹងមានការចរចា រវាងខ្ញុំជាមួយបក្សប្រឆាំង! ខ្ញុំបើកចំហរបេះដូង សម្រាប់ការចរចានយោបាយ! ប៉ុន្តែត្រូវចាំឲ្យច្បាស់ អ្នកដែលបិទសិទ្ធិនយោបាយ គ្មានសិទ្ធិចរចាជាមួយហ៊ុន សែន ទេ! សូមអ្នកទាំងឡាយកុំច្រឡំខ្ញុំមិនមែនទៅអូស្រ្តាលី ដើម្បីចរចាជាមួយអ្នកប្រឆាំងទេ! ខ្ញុំទៅចូលរួមកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី! “ ។
សម្ដេច ហ៊ុន សែន បញ្ជាក់ថា នាយករដ្ឋមន្រ្តី មានសិទ្ធិស្នើសុំព្រះមហាក្សត្រ លើកលែងទោស ឲ្យស្មានណាក៏បានដែរ បើសិនជាអ្នកចង់បានការលើកលែងទោសនោះ ត្រូវកាត់ទោសឲ្យជាប់គុក សិន រឿងរ៉ាវកើតឡើងដោយសារតែអ្នកឯងតែម្ដង! បង្កើតរឿងក្បត់ជាតិផ្ដួលរំលំរដ្ឋាភិបាល ស្របច្បាប់! សំបុត្រអ្នកឯងបានចារ មិនឲ្យឆ្លើយតប។ ការលើកលែងទោសធ្វើឡើងសម្រាប់តែអ្នកជាប់គុកនោះទេ មិនមែនសម្រាប់អ្នកកាត់សិទ្ធិនយោបាយនោះទេ។
សម្តេច បើកការចរចាជាមួយបក្សនយោបាយនានា ដែលមិនក្បត់ជាតិ! អ្នកដែលត្រូវបានតុលាការកាត់សិទ្ធិនយោបាយ នៅពេលនេះមិនទាន់មានច្បាប់ ណាលើកលែងទោសនោះទេ៕



