Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) និងជាប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី នៅតែមានជំនឿលើវប្បធម៌សន្ទនា ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ហើយលោក សម រង្ស៊ី អះអាងថា បើមានភាពស្មោះត្រង់នឹងគ្នា នឹងពិតជាមានដំណោះស្រាយ។

វប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានបង្កើតឡើង បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ប៉ុន្តែការបង្កើតមិនបានប៉ុន្មានផង ក៏ត្រូវរំលាយទៅវិញ ដោយការមិនចុះសម្រុង និងមានបញ្ហាកើតឡើងរវាងបក្សទាំងពីរ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ បានឲ្យដឹងថា ខ្ញុំនៅតែមានជំនឿលើវប្បធម៌សន្ទនា បើមានភាពស្មោះត្រង់ទាំងសងខាង ជាពិសេស មិនមានការ សម្លុត ឬគំរាមកំហែង ពីខាងណាមួយ

អតីតមេបក្សប្រឆាំងនេះ ក៏បានបង្ហាញពីការសោកស្តាយដោយសម្ដេចតេជោ ហ៊ុន សែន យកតែអារម្មណ៍ផ្ទាល់ខ្លួនរបស់គាត់ មកដាក់មុខ ។ លោកថា “ នេះប្រហែលគ្រាន់តែជាលេស ដើម្បីបញ្ឈប់ការសន្ទនាមួយ ដែលអាចនាំទៅរកការសម្រុះសម្រួលមួយ ដែលបើកផ្លូវឲ្យមានការផ្លាស់ប្តូរ តាមបែបបទប្រជាធិបតេយ្យ។ លក្ខណៈជាអ្នកដឹកនាំប្រទេសតម្រូវឲ្យដាក់អារម្មណ៍ផ្ទាល់ខ្លួន (ដូចជាការខឹង ក្តៅក្រហាយ) ។

លោក សម រង្ស៊ី សង្ឃឹមថា នៅថ្ងៃណាមួយភាគីទាំងអស់នឹងយល់ថា ខ្លួនមិនអាចគេចផុត ពីការសន្ទនាបានទេ ពីព្រោះការសន្ទនានេះ ជាមូលដ្ឋាននៃសន្តិភាពសង្គម និងលទ្ធិប្រជាធិបតេយ្យ។ សម្រាប់ប្រទេសកម្ពុជា វប្បធម៌សន្ទនាដ៏ពិតប្រាកដមួយត្រូវតែមកជំនួសវប្បធម៌ហិង្សា និងនិទណ្ឌភាព ដែលគ្របដណ្តប់សង្គមសព្វថ្ងៃ ហើយដែលជាសំណល់ដ៏អាក្រក់បំផុតពីរបបខ្មែរក្រហម។

ចំណែក សម្ដេចតេជោ ហ៊ុន សែន តែងតែលើកឡើងថា ចំពោះបញ្ហាវប្បធម៌សន្ទនាសម្ដេចមិនចរចាជាមួយ លោក សម រង្ស៊ី ឡើយ ព្រោះលោក សម រង្ស៊ី បានបញ្ឆេះកំហឹង ប្រជាពលរដ្ឋខ្មែររស់នៅអូស្ត្រាលី ឲ្យប្រឆាំងវត្តមានសម្តេចពេលចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អូស្ត្រាលី កាលពីពាក់កណ្តាលខែនេះ ដោយមានទាំងការដុតរូបសម្តេចថែមទៀតផង។ សម្តេចតេជោ ធ្លាប់បានអះអាងថា សម្តេចគ្មានផ្លូវការចរចាជាមួយជនក្បត់ជាតិនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor