
ពោធិ៍សាត់៖ ពិតជាគួអោយរន្ធត់ណាស់មនុស្សបីនាក់បានស្លាប់ភ្លាមៗនៅក្នុងគ្រោះថ្នាក់ចរាចរណ៏មួយដែលបង្កដោយរថយន្តHYUNDIA បើកបរក្នុងល្បឿនលឿនហើយបានបុកគូថ រថយន្តកូរ៉េ ដឹកឈើ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យរថយន្តទាំង២ធ្លាក់ជ្រោះ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចចំណោទចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ យោងតាមសមត្ថកិច្ចស្រុកវាលវែងបានឲ្យដឹងថា ឧបហេតុគ្រោះថ្នាក់ចរាចរណ៏នេះបណ្ដាលមកពីរថយន្តម៉ាកHYUNDIA ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-3639 ដែលធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿន ហើយដោយការធ្វេសប្រហេសរបស់អ្នកបើកបរក៏បានរេចអង្កូតទៅបុកគូទរថយន្តកូរ៉េដឹកឈើតែម្ដង បណ្ដាលអោយអ្នកបើកបររថយន្តHYUNDIAស្លាប់ភ្លាមៗ។ដោយឡែកប្រពន្ធនិងកូនតូចរបស់អ្នកបើករបរថន្តដឹកឈើក៏ត្រូវស្លាប់ភ្លាមៗផងដែរ។

ចំណែករថយន្តទាំង២បានធ្លាក់ជ្រោះខូចខាតរថយន្តខ្ទេចខ្ទីតែម្ដង។ បើតាមសមត្ថកិច្ចស្រុកវាលវែង បើកបររថយន្តហ៊ីយ៉ានដាយដែលស្លាប់នោះមិនស្គាល់អត្តសញ្ញាណនោះទេហើយព្រូឡានរត់គេចខ្លួនបាត់។ រីឯម្ចាស់រថយន្តកូរ៉េដឹកឈើ២,៥តោន ពណ៌ស ស្លាកលេខ ភ្នំពេញ 3A-4112 បើកបរដោយឈ្មោះ បេ សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសធ្ងន់បញ្ជូនទៅពេទ្យពោធិ៍សាត់ ប្រពន្ធឈ្មោះ ផេន សាម៉ុន អាយុ៣៩ឆ្នាំ ស្លាប់ និងកូនឈ្មោះ បេ ភិន អាយុ២ឆ្នាំ ស្លាប់។ បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរថយន្ត កម្លាំងសមត្ថកិច្ចកំពុងតែគ្រប់គ្រងរិះរកមធ្យោបាយ ស្ទូចចេញពីកន្លែងកើតហេតុ រងចាំដោះស្រាយនៅពេលក្រោយ៕





