
ភ្នំពេញៈ ជនសង្ស័យបីនាក់ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់មិនបានសម្រេច រួចក៏ជ្រុលទៅបុកម៉ូតូកងបី បាក់ជើងឆ្វេងមួយកំណាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលា១០និង៣០នាទីយប់ថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ចំណុចខាងមុខវិមានសន្តិភាព ក្នុងភូមិ៧ សង្កាត់មិត្តភាព ខណ្ឌ៧មករា។

បើតាមសាមីខ្លួនប្រាប់ ៖ជនសង្ស័យឈ្មោះ ស៊ុន ហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ រៀននៅសាលាវែសស្ទើន និស្សិតឆ្នាំទី២ (ប៉ុន្តែខាងសាលាបញ្ជាក់មកថា គាត់បានឈប់តាំងពីឆ្នាំ២០១៣មកម៉្លេះ) ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ កោះកុង។
ហើយបើតាមគ្រួសារជនសង្ស័យបានបន្ថែមថា ជនសង្ស័យ កាលពីមុនធ្លាប់បានបួសរៀនសូត្រខាងធម៌វិន័យ នៃព្រះពុទ្ធសាសនា ដោយបានចេះដឹងជ្រៅជ្រះ ប៉ុន្តែក្រោយមកបានលាចាកសិក្ខាបទ (សឹក) បែរជាមកសេពគប់ ជាមួយមិត្តមិនល្អ ក៍បណ្ដោយធ្លាក់ ខ្លួនទៅជាចោរឆក់បែបនេះតែម្តងទៅ។



ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យចំនួន បីនាក់ជិះម៉ូតូពីគ្រឿង មួយគ្រឿងម៉ាក ស៊ុយស៉ូគីឡែត ពណ៌សលាយទឹកបិច ពាក់ស្លាកលេខ ភ្នំពេញ 1GJ-1729 ជិះគ្នាពីរនាក់ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះម្នាក់ឯងជាអ្នកជិះបិទគូទ ធ្វើដំណើតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាពឆក់ទូរស័ព្ទបុរសម្នាក់ មិនបានសម្រេច ហើយក៏ជ្រុលចង្កូតទៅបុកម៉ូតូកងបី “ឡាំប៉ាតា” បណ្ដាលឲ្យក្រឡាប់ ចំណែកជនសង្ស័យរងរបួសបាក់ជើងឆ្វេងមួយកំណាត់។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ហើយយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសម្តេចឪ ដោយសភាពរបួសធ្ងន់ធ្ងរពេក ចំណែកម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព សមត្ថកិច្ចយករក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕
វីដេអូ៖







