Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សិប្បកម្មកែច្នៃប្រេងឆាគ្មានច្បាប់ គ្មានអាជ្ញាប័ន មួយកន្លែងស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ លួចបើកដំណើរការប្រមូលកែច្នៃ បង្កឲ្យហូរកំពប់ក្លិក្លាក់ ប្រឡាក់តាមផ្លូវក្បែរនោះ ភាយធំក្លិនឈ្ងៀមស្ទើរពិបាកទ្រាំ ប៉ះពាល់បរិស្ថាន សុខភាពពលរដ្ឋក្បែរខាង ហើយកន្លងមក ទោះជាអាជ្ញាធរខណ្ឌ ការិយាល័យពាក់ព័ន្ធ ដឹងហើយជុំវិញផលប៉ះពាល់ បានទាំងដឹកនាំកម្លាំងចុះបិទផ្អាកសកម្មភាពកែច្នៃរបស់សិប្បកម្មខាងលើ តែស្ងាត់ៗ បែរជាលួចបើកដំណើរការសារជាថ្មី បង្កឲ្យប៉ះពាល់ ទាំងអ្នកដំណើរឆ្លងកាត់ ទាំងពលរដ្ឋរស់នៅជុំវិញ ហើយត្រូវបានអាជ្ញាធរខណ្ឌពោធិសែនជ័យ ដឹកនាំកម្លាំងចុះទៅពិនិត្យជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ តែបានត្រឹមចុះមើល ត្រង់ចំណាត់ការ មិនទាន់មាននៅឡើយ។

តាមប្រជាពលរដ្ឋ បានរិះគន់ដល់អាជ្ញាធរ ហាក់បីដូចជាធូររលុងពេកទៅហើយ ការចុះអនុវត្តន៍ ចាត់វិធានការ ដូចភ្លើងចំប៊ើង បានត្រឹមតែចុះផ្អាកបានតែមួយព្រឹក ឬមួយថ្ងៃ សិប្បកម្មបើកដំណើរការវិញដដែល ទាល់តែមានអ្នកស្រែក អ្នកថា ទើបនាំគ្នាចុះម្តងទៀត បិទផ្អាក បានមួយព្រឹកទៀតប៉ុណ្ណោះ មិនខុសណាលេងបាយឡុកបាយឡឡើយ ចំពោះបញ្ហាផលប៉ះពាល់ អាជ្ញាធរខ្លួនឯងបានជ្រាបរួចជាស្រេចទៅហើយ ថាដល់កម្រឹតណានោះ ក្លិនឈ្ងៀម ស្ទើរពិបាកទ្រាំ ខ្លាញ់កំពប់ហូរធ្លាក់តាមផ្លូវក្បែរនោះ កង្វះអនាម័យ ជាផលប៉ះពាល់ដល់សុខភាពរាងកាយ។

ពលរដ្ឋ បានបន្តរិះគន់ថា កន្លងមកកាលពី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ សិប្បកម្មកែច្នៃប្រេងឆាគ្មានច្បាប់ខាងលើ ត្រូវបាន លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងចម្រុះចុះបិទផ្អាកអាជីវកម្មម្តងរួចមកហើយ ក៏ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ស្ងាត់ៗបែរជាអាចបើកដំណើរការបានវិញដដែល សង្ស័យនិយាយត្រូវរ៉ូវគ្នាតាមជំនាញហើយមើលទៅ បញ្ហាផលប៉ះពាល់កើតមានដដែលទៀតហើយ ទាំងបរិស្ថាន ទាំងជីវិតពលរដ្ឋរស់នៅជុំវិញ ទ្រាំលែងបាន សម្រែកចេះតែមាន បណ្តឹងចេះតែកើន ទើបនៅព្រឹកថ្ងៃទី២៥ ខែមេសា នេះ លោក ហែម ដារិទ្ធ ដឹកនាំកម្លាំងចុះពិនិត្យសារជាថ្មី បានត្រឹមឃើញនិងបញ្ជាក់ថា ដូចពាក្យពលរដ្ឋលើកឡើង ចំពោះវិធានការ ចំណាត់ការយ៉ាងណានោះ មិនទាន់មានទេ នៅពេលចុះប្រតិបត្តិការខាងលើ ។

តាមអាជ្ញាធរបានឲ្យដឹងថា ផលប៉ះពាល់លើផ្នែកបរិស្ថាន ចេញពីសិប្បកម្មខាងលើពិតជាមានប្រាកដមែន ទាំងក្លិន ទាំងប្រេងហូរ ប្រឡាក់តាមផ្លូវ ចំពោះការសម្រេចយ៉ាងណានោះ រង់ចាំសម្រេចពីថ្នាក់លើជាមុនសិន ។

ក្នុងប្រតិបត្តិការ កម្លាំងជំនាញ សមត្ថកិច្ច អាជ្ញាធរ ចុះពិនិត្យជាក់ស្តែង និងសាកសួររកច្បាប់អាជីវកម្ម អាជ្ញាប័ន នៅចំពោះមុខជាក់ស្តែង ត្រូវបានស្រ្តីម្នាក់ ជាមេការ ឆ្លើយប្រាប់យ៉ាងខ្លីថា រកមិនទាន់ឃើញទេ រង់ចាំរកឯកសារឃើញពេលណាគាត់ឆ្លើយតបពេលនោះវិញ ។ ការបំភ្លឺ ការឆ្លើយដោះសារ របស់តំណាងសិប្បកម្មកែច្នៃប្រេងឆាខាងលើ បែបនេះ សូម្បីតែពលរដ្ឋ ក៏លោកយល់បានថា គ្មានច្បាប់ទម្លាប់ដដែល។

ក្នុងការដឹកនាំកម្លាំងជំនាញ អាជ្ញាធរ សមត្ថកិច្ចចុះពិនិត្យមើល ទីតាំងសិប្បកម្មកែច្នៃប្រេងឆា ខាងលើ ត្រូវបានពលរដ្ឋរិះគន់ថា បានត្រឹមចុះឲ្យល្អមើល គ្រាន់តែជំរុញឲ្យម្ចាស់ទីតាំងរកដីខ្សាច់មកលុប ស្នាមដាមប្រឡាក់តាមផ្លូវជាការស្រេច ទោះក្លិនឈ្ងៀមឈួលយ៉ាងណានោះ មិនថា មិនស្តីអ្វីទាំងអស់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor