Sponsor
រិទ្ធី

លោក​ ​ទូច ថារិទ្ធិ​ ​អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍បានប្រាប់​ថា អ្នកស្រី ​ប៊ូ រចនា​ ភរិយាសពលោកបណ្ឌិត កែម ឡី ​ត្រូវ​តែ​ចូល​រួមសវនាការ​ទៅ​តាម​ការ​កោះ​ហៅរបស់​តុលាការ​ ឬ​ត្រូវ​មាន​មេធាវី​តំណាង​ក្នុង​នាម​ជា​ដើម​បណ្តឹង។​ ​លោក​បន្ថែម​ថា​ ​ប្រសិន​បើ​ដើម​បណ្តឹង​មិន​ចូលរួម​តាម​ការ​កោះ​ហៅ​ទេ​ ​នោះ​នឹង​ត្រូវ​ប្រឈម​នឹង​ផ្លូវ​ច្បាប់។​

កាលពីថ្ងៃទី​១៤ ​ខែ​មីនា ​ឆ្នាំ​២០១៨ ព្រះរាជ​អាជ្ញា​ ​ហ៊ឹង ប៊ុនជា​ បានចេញដីកា​កោះ​​​បង្គាប់​ឲ្យ​អ្នកស្រី​ ​ប៊ូ រចនា ​ដែល​ក្នុងដីកា​នេះ​បញ្ជាក់​ថា ​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី ​ត្រូវចូល​ទៅ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃទី​០៣ ​ខែ​មេសា​ ​ឆ្នាំ​២០១៨ ​វេលា​ម៉ោង​ ២​រសៀល ដើម្បី​ជំនុំ​ជម្រះ​លើ​ជន​ជាប់​ចោទ​ឈ្មោះ​ ​ជួប សំលាប់។​ ដីកា​ដដែល​ត្រូវ​បាន​សរសេរ​បន្ថែម​នៅ​ផ្នែក​ខាងក្រោម​ក្នុង​ន័យ​ដើម​ថា៖ បុគ្គល​ពាក់ព័ន្ធ​ត្រូវ​បាន​កោះ​ហៅក្នុង​ឋានៈ​ជា​ជនរងគ្រោះ​ ​(ការ​មិន​ចូល​បង្ហាញ​ខ្លួន​នៅ​ពេល​សវនាការ​ ​ការ​មិន​ព្រម​ឆ្លើយ​ឲ្យ​ព័ត៌មានក្នុង​ឋានៈ​សាក្សី​ ​ឬ​ការ​ឆ្លើយ​ឲ្យ​ព័ត៌មាន​ក្លែងក្លាយ​ ត្រូវ​ផ្តន្ទា​ទោស​តាម​ច្បាប់)។​

ចំណែកឯ​ ​អ្នកស្រី​ ​ប៊ូ រចនា​ បានសរសេរក្នុងហ្វេសប៊ុក អ្នកស្រី​ថា៖ តាំង​ពី​ស្វាមី​នាងខ្ញុំ​ត្រូវ​បាន​ឃាតកបាញ់សម្លាប់​រហូត​មក​ដល់​ពេល​នេះ​ ​មាន​រយៈពេល​ជិត​២​ឆ្នាំ​ហើយ​ ​កុំ​ថា​ឡើយ​ចង់​ទៅ​ដាក់​ពាក្យ​បណ្តឹង​ សូម្បី​តែ​គិត​ថា ​ទៅ​ប្តឹងក៏​មិន​ដែល​គិត​ផង ពីព្រោះ​នាង​ខ្ញុំ​ដឹង​ច្បាស់​ហើយ​ថា ​តុលាការ​នៅ​ទីក្រុង​ភ្នំពេញ​គ្មាន​សមត្ថភាព​ចាប់​ឃាតក​ពិត និង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​បាន​ឡើយ។​

យោងតាមមាត្រា​៥៣៨នៃ​ក្រម​ព្រហ្មទណ្ឌចែង​ពី​បទ​បដិសេធ​មិនចូល​ខ្លួន​ថា​ ​រាល់​បុគ្គល​ណា​ដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​មក​ឆ្លើយ​ជា​សាក្សី​នៅ​មុខ​អយ្យការ​ ​ឬ​ចៅក្រម​ស៊ើបសួរ​ ​ឬ​មុខ​តុលាការ​ព្រហ្មទណ្ឌ​ ​ហើយ​មិន​ព្រម​ចូល​ខ្លួន​តាម​ដីកា​កោះ​ហៅ​នោះ​ដោយ​គ្មាន​មូល​ហេតុ​សមស្រប​ ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ខែ​ ​ទៅ​៦ខែ​ ​និង​ពិន័យ​ជាប្រាក់ពី​មួយ​សែន​ទៅ​មួយ​លាន​រៀល។​

សូមបញ្ជាក់ថា អ្នកស្រី ប៊ូ​ រចនា ព្រមទាំងកូនប្រុសទាំង៥នាក់ ទើបតែទទួលបានសិទ្ធិរស់នៅប្រទេសអូស្ត្រាលី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor