Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំៈ​ ឃាតកម្មដ៏សាហាវព្រៃផ្សៃមួយ បណ្តាលឲ្យមនុស្សមួយគ្រួសារ ៤នាក់ ស្លាប់បាត់បង់ជីវិត ឈាមស្រោចពេញលើផ្ទះ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ទាក់ទិននឹងករណីនេះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាជំហានដំបូង លើករណីឃាតកម្មសម្លាប់មនុស្ស៤នាក់ (កូនក្នុងផ្ទៃអាយុជាងពីរខែម្នាក់) គឺអាចជាប្តីចុងអ្នកប្រព្រឹត្ត។

វរសេនីយ៍ តូ ឆៃលាង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្បូងឃ្មុំបានឲ្យដឹងថា សពជនរងគ្រោះត្រូវបានជនល្មើស កាប់សំដៅក ស្លាប់ទាំង៣នាក់នៅលើផ្ទះតែម្តង។

ជនរងគ្រោះទី១.ឈ្មោះ ឃាង សុកលាន អាយុ៤២ឆ្នាំ ជាម្តាយ (មានកូនក្នុងផ្ទៃអាយុជាងពីរខែម្នាក់ទៀត) ទី២.ឈ្មោះ ធឿន វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ កូនដើម និងទី៣.ឈ្មោះ ធឿន ធារី ភេទប្រុស អាយុ១១ឆ្នាំ។

លោកមេបញ្ជាការបានឲ្យដឹងទៀតថា តាមការពិនិត្យកន្លែងសម្លាប់ គឺជនដៃដល់ទំនងជាធ្វើសកម្មភាពនៅពេលជនរងគ្រោះទាំងនោះ កំពុងដេកលង់លក់ ដោយបានកាប់សំដៅកទាំងអស់ នៅចន្លោះម៉ោងប្រហែលពី ១ ទៅ ៣ យប់ ឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨។ ក្រោយពីសម្លាប់ជនរងគ្រោះហើយ ជនសង្ស័យគឺបានប្រមូលយកទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ប្រហែលជិត១ម៉ឺនដុល្លាររួចគេចខ្លួនបាត់។ ប៉ុន្តែសមត្ថកិច្ចទើបទទួលបានព័ត៌មានឃាតកម្មខាងលើនេះ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ស្រ្តីជាបងរបស់ស្រ្តីរងគ្រោះបានទៅរាយការណ៍បា្រប់សមត្ថកិច្ចនគរបាល។

តាមការស៊ើបអង្កេតបឋមរបស់មន្រ្តីនគរបាល និងមន្រ្តីកងរាជអាវុធហត្ថបានសន្និដ្ឋានថា ជនសង្ស័យជាឃាតក គឺជាប្តីចុងរបស់ជនរងគ្រោះ ដែលមានឈ្មោះ ជ្រាំង ភូ អាយុ៤៨ឆ្នាំ ហើយក៏ជាឪពុកទារកនៅក្នុងផ្ទៃស្រ្តីជាម្តាយ មានស្រុកកំណើត នៅភូមិអកមូល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាលខេត្តត្បូងឃ្មុំ ដឹកនាំបញ្ជារផ្ទាល់ដោយឧត្តមសេនីយ៍ បែន រ័ត្ន បានតាមប្រមាញ់ជនសង្ស័យជិតបានហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor