
ភ្នំពេញៈ នៅពេលនេះ រវាង ថែល ថៃ និងឈីន រតនៈ បានក្លាយជាអាយឌលរបស់ទស្សនិកជនទៅហើយ បន្ទាប់ពីក្លាយជាតារាចម្រៀងពេញលេញក្រោមការប្រសូតចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក។ អ្នកទាំង២បានចែងចាំងក្នុងវិថីសិល្បៈ បន្ទាប់ពីស្ថាប័ន ដែលគ្រប់គ្រងចាត់ចែងឲ្យម្នាក់ៗមានទីផ្សារល្បីឈ្មោះ។
ឈីន រតនៈ បានឲ្យដឹងថា រវាងនាងនិងលោក ថែល ថៃ ដូចបងប្អូនស្រឡាញ់រាប់អានគ្នាដ្បិតតែពីមុនប្រកួតប៉ែងគ្នាក្លាយជាគូប្រជែងលើកពានមែន តែបង្កប់ដោយអនុស្សាវរីយ៍ច្រើនណាស់។ ពេលនេះ នាងកាន់តែមមាញឹក បន្ទាប់ខាងផលិតកម្មគាត់ចាត់ចែងទីផ្សារពង្រីកសិល្បៈឲ្យមានមុខនៅលើវិថីសិល្បៈជាបន្តបន្ទាប់។ រតនៈ ថា ក្រៅពីចេញសម្តែងតាមខេត្ត ក៏ត្រូវឆ្លៀតពេលមកច្រៀងក្នុងស្ថានីយទូរទស្សន៍ហង្សមាស ក្រៅពីនេះ គឺច្រៀងរាល់ពេលរាត្រីនាភោជនីយដ្ឋានមួយជិតកោះពេជ្រ។ នាងមិនភ្លេចឡើយ ដែលវាសនាប្រែប្រួលនេះ បានដោយសារតែពេលប្រឡងទស្សនិកជនគាំទ្រ រួចផ្ញើសារជូននាងបន្តឡើងរហូតដល់វគ្គផ្តាច់ព្រត្រ័ និងអរគុណទូរទស្សន៍ហង្សមាស ដែលជួយជ្រោមជ្រែងពង្រីកវិថីមួយនេះដល់នាង។

ថែល ថៃ បានវិវឌ្ឍខ្លួនពីការច្រៀង ដែលមិនសូវចេះរាំ មកជាមានក្រុមរាំអម៤នាក់ ហើយរាំកញ្ជ្រោកលើឆាកតន្ដ្រី ដោយយកបទល្បីៗរបស់មកអូសទាញការគាំទ្រ មានដូចជា បទ ”សាច់កម្មណាស់ខ្ញុំ”, ”ស្នេហ៍អូនកាម៉ាប់”, ”ពូជិះតាក់ស៊ី” និងបទ ”ជឿមិនជឿ?”។ ឯនាងឈីន រតនៈ លេចធ្លោបទ ”អ្នកមិនអន់ទេ”, ”សុំថែមម៉ោង” និងបទ ”សង្សារស្អាតជ្រុល”។

គួរបញ្ជាក់ថា ថែល ថៃ និងឈីន រតនៈ ជាបេក្ខភាព The Voice Cambodia រដូវកាលទី២ ដែលឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រដូចគ្នា រួមជាមួយនាង សាន ស្រីឡៃ និង ឃី សុគន្ធ ផងដែរ តែហង្សមាស បានឲ្យ ថែល ថៃ ដែលជាកូនក្រុម ឱក សុគន្ធកញ្ញា គឺជាម្ចាស់ពានរង្វាន់ជ័យលាភីពីកម្មវិធីប្រលងចម្រៀងនេះ។ ពេលនេះ ថែល ថៃ មានទីផ្សារចម្រៀង ហើយបន្ទាប់ពីល្បីបទ ”សាច់កម្មណាស់ខ្ញុំ” និងបទ ”ចង់ទៅទៅៗ” ហើយលោកថៃ ក៏ឈានទៅថតភាពយន្ដរឿង ”រាជនីយភូមិគ្រឹះ” និងរឿង ”រាជបុត្រកង្កែប” របស់ក្រុមហ៊ុនហង្សមាស ផងដែរ៕





