Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ ដែលជាថៅកែហាងខារ៉ាអូខេយីហោ QI HAO GONG GUAN បានប្រើហិង្សាដោយការទាត់ និងទះកំផ្លៀងលើនារី២នាក់ បង្ខំឲ្យពួកនាងបម្រើភ្ញៀវជនជាតិចិន ដែលជាមិត្តភ័ក្តរបស់ខ្លួន ខណៈភ្ញៀវទាំងនោះ តែងតែបង្ខំនារីបម្រើភ្ញៀវឲ្យទៅដេកជាមួយ។

ករណីម្ចាស់ហាងខារ៉ាអូខេចិន រកស៊ីលើទឹកដីខ្មែរ មិនដាក់យីហោអក្សរខ្មែរ ហើយប្រើហិង្សាលើស្ត្រីខ្មែរ ខាងលើនេះ បានបង្កជាការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណជាង៨យប់ ថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចហាងខារ៉ាអូខេខាងលើ ដែលមានទីតាំងក្នុងផ្សារបឹងត្របែកផ្លាហ្សា ស្ថិតសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

នារីរងគ្រោះ ប្រាប់ភ្នាក់ងារសារព័ត៌មាន Cam Post ឲ្យដឹងថា នាងមិនមែនជាបុគ្គលិកនៅហាងខារ៉ាអូខេខាងលើនោះទេ ប៉ុន្តែដោយសារនាងមានមិត្តភ័ក្តជាបុគ្គលិកបម្រើភ្ញៀវនៅទីនោះ ទើបនាងមកលេង ហើយពេលខ្លះថៅកែហាងជនជាតិចិននោះ ក៏បានហៅនាងឲ្យជួយទទួលភ្ញៀវម្ដងម្កាល តែពេលចប់ក៏ទៅផ្ទះវិញ។

នាងរងគ្រោះ បញ្ជាក់ថា នៅមុនពេលកើតហេតុ មិត្តភ័ក្តរបស់នាងម្នាក់ បានទូរស័ព្ទហៅនាងឲ្យមកជួយកំដរភ្ញៀវ ដែលជាមិត្តភ័ក្តថៅកែ ហើយនាងក៏មកមានគ្នាចំនួន២នាក់។ បន្ទាប់ពីមកដល់ក្នុងបន្ទប់ ពួកនាងក៏ដើរចេញក្រៅវិញ ព្រោះភ្ញៀវជនជាតិចិនទាំងនោះ តែងតែបង្ខំនារីៗ ដែលជាដៃគូកំដរទៅដេកជាមួយ។ ខណៈពេលចេញមកវិញនោះ ស្រាប់តែថៅកែជនជាតិចិន បានមកសួរនាំ ហើយធាក់នាងពីក្រោយ បណ្ដាលឲ្យដួលច្រងាប់ច្រងិល រួចចាប់ទះកំផ្លៀងចំនួន២ដៃ ទើបបង្កជាការភ្ញាក់ផ្អើលឡើងតែម្ដង។

បើតាមនារីរងគ្រោះ បន្ទាប់ពីកើតហេតុភ្លាមៗនោះ ថៅកែហាងខារ៉ាអូខេខាងលើ បានសងថ្លៃជំងឺចិត្តចំនួន៥០០ដុល្លារ តែនាងមិនព្រម ទើបនាងសុំឲ្យសមត្ថកិច្ចមូលដ្ឋាន មកជួយអន្តរាគមន៍ ហើយហៅជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលបឹងត្របែក ដើម្បីដោះស្រាយតាមច្បាប់។

គួរបញ្ជាក់ថា ទីតាំងខារ៉ាអូខេខាងលើនេះ ត្រូវបានប្រភពរាយការណ៍មកថា ថៅកែហាង តែងតែបង្កហិង្សាដាក់បុគ្គលិកនារីខ្មែរ ដែលជាអ្នកកំដរភ្ញៀវជាញឹកញាប់ ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចមិនដែលមានវិធានការម្ដងណាឡើយ។ ដោយឡែក យីហោហាងទៀតសោត ក៏គ្មានដាក់ស្លាកយីហោជាអក្សរខ្មែរផងដែរ បើទោះជាហាងនោះរកស៊ីនៅលើទឹកដីខ្មែរ កណ្ដាលក្រុងភ្នំពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor