
ភ្នំពេញៈ អ្វីដែលគេមិននឹកស្មានដល់ ពេលនេះបានកើតឡើងទៅហើយ បន្ទាប់ពីអ្នកជំនួញដ៏ល្បីនៅកម្ពុជាម្នាក់ បានបរិច្ចាគដីផ្ទាល់ខ្លួនទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ជាផ្លូវការ តាមរយៈនាយករដ្ឋមន្រ្តី។
មនុស្សជំនិតអ្នកឧកញ៉ា គិត ម៉េង អ្នកជំនួញដ៏ល្បីនៅកម្ពុជា បានប្រាប់ថា ពេលនេះ អ្នកឧកញ៉ា បានសម្បទានដីនៅកណ្តាលក្រុងភ្នំពេញ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ជាផ្លូវការហើយ បន្ទាប់ពីជួលអស់រយៈពេលជិត២០ឆ្នាំ ក្នុងតម្លៃទាប។

លោក ហ៊ុយ វណ្ណៈ ដែលគេស្គាល់ថា ជាមនុស្សជំនិតអ្នកឧកញ៉ា គិត ម៉េង ប្រាប់អង្គភាពសារព័ត៌មាន Cam Post នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះថា អ្នកឧកញ៉ា គិត ម៉េង បានផ្តល់ដីដែលនៅកែងជាប់វត្តភ្នំ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផាហើយ បន្ទាប់ពីជួលឲ្យអស់រយៈពេល១៨ឆ្នាំ។
បើតាមលោក ហ៊ុយ វណ្ណៈ ៖ "ឥឡូវហ្នឹង ដោយសារតែគេបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តី ជាប្រធានកិត្តិយស ចឹងឧកញ៉ា ម៉េង បានប្រគល់ដីហ្នឹងទៅឲ្យហ្មង ដែលមានតម្លៃ៨លាន ឲ្យទៅមូលនិធិគន្ធបុប្ផា ដើម្បីឲ្យគន្ធបុប្ផាហ្នឹង មាននិរន្តភាព ចេរភាព“។
ក្នុងឱកាសអញ្ជើញពិសាបាយសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅល្ងាចថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា “ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះឧកញ៉ា គិត ម៉េង ដែលមុននេះ ខ្ញុំបានខ្ចីដីមួយផ្នែក ប្រមាណ១៣០០ម៉ែត្រការ៉េជាង ដែលឥឡូវនេះ តម្លៃដីនេះ ប្រមាណជាង៨លានដុល្លារសហរដ្ឋអាមេរិក។ ល្ងាចនេះ ឧកញ៉ា គិត ម៉េង ក៏បានប្រគល់ដីនោះ មកឲ្យមូលនិធិនេះតែម្តង... ហើយមូលនិធិក៏បានកាត់ទៅជាទ្រព្យសម្បត្តិរបស់មូលនិធិនេះ ហើយក៏ត្រូវផ្ទេរមូលនិធិដែលផ្តល់ដោយឧកញ៉ា គិត ម៉េង នេះជាបណ្ណកម្មសិទ្ធិដីធ្លីរបស់មន្ទីរពេទ្យគន្ធបុប្ជា នេះជាផ្នែកដ៏សំខាន់មួយ”៕
BB





