
ជំនួយការលោក កឹម សុខា គឺលោក មុត ចាន់ថា បានសរសេរក្នុងហ្វេសប៊ុកថា៖ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Taro Kono កាលពីថ្ងៃអាទិត្យ ទី០៨ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញ គោលបំណងសំខាន់ពីរ គឺ៖ ទី១. ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីជំនួយហិរញ្ញវត្ថុ និង ទី២. ការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយផ្តោតជាសំខាន់លើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ និងមានការចូលរួមពេញលេញ។ ចំណុចសំខាន់ ការចូលរួមរបស់គណបក្សប្រឆាំង(គណបក្សសង្គ្រោះជាតិ)ពិតប្រាកដ ជាការចាំបាច់។
លោក មុត ចាន់ថា បន្តថា ជប៉ុនបានបញ្ជាក់គោលជំហរនយោបាយច្បាស់ បើសិនជាបក្សប្រឆាំងមិនត្រូវបានបង្កលក្ខណៈសមស្របអោយចូលរួមទេនោះ។ គួរកត់សម្គាល់ថា កញ្ញា កឹម មនោវិទ្យា បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីដើមខែមេសា ឆ្នាំ២០១៨ ដោយបានផ្តល់សក្ខីកម្មនៅរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងតំណាងរាជរដ្ឋាភិបាលជប៉ុន។ លោករដ្ឋមន្រ្តីការបរទេសបានសន្យាប្រើប្រាស់ឥទ្ធិពលជប៉ុន ដើម្បីស្វែងរកដំណោះស្រាយនយោបាយចំពោះវិបត្តិនយោបាយនៅកម្ពុជា។
ដោយឡែកបើយោងតាមគេហទំព័រហ្វេសប៊ុក សម្តេច ហ៊ុន សែន បានឱ្យដឹងថា៖ បន្ទាប់ពីកិច្ចពិភាក្សារួច សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និង លោក Taro Kono ស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុនមកកាន់រាជរដ្ឋាភិបាលកម្ពុជាលើលិខិតប្ដូរសារនិងកំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុនមកកាន់រាជរដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម៖

១- ហិរញ្ញប្បទានឥតសំណងជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន (¥៥០០,០០០,០០០) សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា
២- ឥណទានសម្បទានជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៩.២១៦ លានយ៉េន (¥៩,២១៦,០០០,០០០) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ ជំហានទី២។ ក្រោយពីអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាហើយ សម្តេចតេជោ ហ៊ុន សែន និងលោករដ្ឋមន្រ្តីការបរទេសជប៉ុន បានអញ្ជើញពិសារអាហារពេលថ្ងៃត្រង់នៅវិមានសន្តិភាពប្រកបដោយភាពស្និទ្ឋស្នាលក្រៃលែង៕





