
ភ្នំពេញៈ បុរសវ័យជាង៣០ម្នាក់ ដែលជាតំណាងឲ្យប្រធានក្រុមហ៊ុន “កាមីនតែល” ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួន កាលពីម៉ោង៧៖៣០នាទីថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០១៨ នៅក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពីបទចោទចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡេង ផៃលីនសាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ តំណាងឲ្យប្រធានក្រុមហ៊ុន “កាំមីនតែល” មានទីលំនៅផ្ទះលេខ២៥ ផ្លូវលេខ២៨ ភូមិវត្តសន្សំក់សល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានបន្តថា ជនសង្ស័យ ត្រូវបានចាប់ខ្លួនតាមបណ្តឹងបងស្រីជនរងគ្រោះ ស្នាក់នៅផ្ទះជួល ចំណុចកើតហេតុ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពីបទចាប់ប្អូនស្រីខ្លួន ឈ្មោះ ខ ស.ន.ថ អាយុ១៤ឆ្នាំ (ជាសិស្ស)។
បងស្រីជនរងគ្រោះ បានឲ្យដឹងថា កាលពីចុងឆ្នាំ២០១៧ មិនចាំថ្ងៃខែ ជនសង្ស័យជាអ្នកស្គាល់គ្នាជាមួយបងស្រីជនរងគ្រោះ បានទៅរកបងនាងនៅបន្ទប់ជួល ពេលនោះបងស្រីនាងមិននៅផ្ទះទេ ដោយនាងនៅតែម្នាក់ឯងក្នុងបន្ទប់ ពេលនោះជនសង្ស័យក៏បានឆ្លៀតឱកាសចាប់នាងរំលោភប្អូនស្រីបានសម្រេចតែម្តង។ ក្រោយរំលោភជនសង្ស័យខ្លាចជនរងគ្រោះដាក់ពាក្យប្តឹង ក៏បានល្បួងដោយប្រាប់នាងថា ចង់បានអ្វីចាំគេទិញឲ្យ ពេលនោះនាងមិនបានប្តឹងអ្វីឡើយ ដោយនាងនៅក្មេងខ្ចីផង ចាញ់ការល្បួងរបស់ជនសង្ស័យ ហើយនាងក៏បានទៅនៅស្រុកកំណើតមួយរយៈ។
បងស្រីជនរងគ្រោះ បានបន្តទៀតថា លុះពេលនាងត្រឡប់មកពីស្រុកវិញ នៅថ្ងៃទី២៤ មេសា២០១៨ វេលាម៉ោងប្រហែល៧៖៣០នាទី បានឃើញជនសង្ស័យមករកបងស្រីនាងទៀត តែមិនជួបទៀត ពេលនោះជនសង្ស័យក៏បានបង្ខំចាប់នាងរំលោភប្អូនស្រីបានសម្រេចម្តងទៀតដោយសន្យាថា ចាំឲ្យលុយទិញទូរស័ព្ទទំនើបមួយគ្រឿង។ លុះដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ប្អូនស្រីបានប្រាប់ដំណើររឿងមកនាង (បងស្រីនាង) ហើយនាងក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី និងបានរៀបចំគម្រោងទូរស័ព្ទណាត់ជនសង្ស័យ ឲ្យមកជួប ក៏សមត្ថកិច្ចឃាត់តែម្តង។
ចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា តាមពិតរូបគេ និងបងស្រីជនរងគ្រោះមានទំនាក់ទំនងជាសង្សារតាំងឆ្នាំ២០១៦មកម្លេះ ហើយរូបគេពិតជាបានចាប់រំលោភជនរងគ្រោះបាន២ដងមែន ខណៈទៅរកបងស្រីជនរងគ្រោះមិនជួប ហើយដោយសារខ្លួនស្រវឹងស្រាផង។
បច្ចប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់កាបន្ត៕
