Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តូបជាច្រើន នៅក្នុងផ្សារសន្តិភាព២ ស្ថិតនៅតាមផ្លូវបេតុង៣០ម៉ែត្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ គេសង្កេតឃើញមានលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមមាន៖ ល្បែងលេងបៀអុងឌូ ស៊ីគូទឹក ពិសេសឆ្នោត​វៀតណាម។

ជាក់ស្ដែងនៅពេលព្រឹក ផ្សារនេះអាជីវករលក់ម្ហូបអាហារ បន្លែ សាច់ សម្លៀកបំពាក់ជាធម្មតា  លុះ​ដល់​ពេលរសៀល ស្ទើរតែគ្រប់តូបនៅជួរខាងក្រៅតូបនីមួយៗ បាន​បើកកត់កឆ្នោតវៀតណាម ដោយមិន​ខ្លាចក្រែងសមត្ថកិច្ចឡើយ ហើយអ្នកកត់កន្ទុយលេខទាំងនេះ បានបង្ហើបថា  ពួកគាត់ទទួលកត់ឲ្យមេឆ្នោតឈ្មោះ លីន ។ ពួកគាត់ បាន​អះអាងទៀតថា មេឆ្នោតនេះ តម្រូវឲ្យកត់ម៉ាសេរី កុំភិតភ័យខ្លាចសមត្ថកិច្ចឲ្យសោះ មេឆ្នោតធានា ទាំងផ្លូវច្បាប់ ទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានឲ្យដឹងថា ទីតាំងកន្ទុយលេខនៅផ្សារសន្តិភាព២ លោកបានដឹងហើយថា ជារបស់លោក លីន ។ លោកថា លោកមិនរាថយទេ ចំពោះល្បែងស៊ីសងខុសច្បាប់ ហើយគេ អាងសម្បើមណាស់។

អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទិ្ធ បានបញ្ជាក់យ៉ាងច្បាស់តាមទូរស័ព្ទថា លោកមិន​ខ្វាយខ្វល់ចំពោះអ្នកណាអាងខ្នង អាងខ្សែហោរទេ លោកមិនខ្លាចទេ ឲ្យតែអ្នកនោះឯងរកស៊ីខុសច្បាប់ ត្រូវតែបង្ក្រាប។ លោកមិនកំណត់ពេលណា​ ថ្ងៃណានោះទេ ឲ្យតែអាជ្ញាធរទទួលបានព័ត៌មាន ជុំវិញរឿងអ្វីដែលខុសច្បាប់ មិនថា តែល្បែងស៊ីសងប៉ុណ្ណោះទេ គឺកម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅប្រចាំការរហូត មានទាំងសមត្ថកិច្ចប៉េអឹម នគរបាលខណ្ឌ និងប្រជាការពារ រង់ចាំទទួលបញ្ជាដឹកនាំរហូត។

គួរបញ្ជាក់ថា ផ្សារសន្តិភាព២ខាងលើនេះ កាលពីមុនស្ថិតនៅក្រោមការគ្រប់គ្រងខណ្ឌដង្កោ សង្កាត់ពងទឹក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor