
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធីស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ស្តីពីរាជរដ្ឋាភិបាលចាត់នីតិវិធីតុលាការ ដើម្បីលើកលែងការចោទប្រកាន់សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងលោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅថាសង់ត្រាល់ (Central) ។ សេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិរបស់អង្គការវិជ្ជាជីវៈ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាជាធរមាន។

គេនៅចាំបានថា នៅខែមីនា កន្លងទៅនេះ ក្រមហ៊ុនបញ្ជាទិញសម្លៀកបំពាក់កាត់ដេរអាមេរិក បានផ្ញើលិខិតមួយច្បាប់មករដ្ឋាភិបាលខ្មែរដោយទាមទារអោយមានការឆ្លើយតបចំពោះបញ្ហាសិទ្ធិកម្មករ សេរីភាពសហជីព និងសេរីភាពនយោបាយ ព្រមទាំងចង្អុលបង្ហាញពីករណីចោទប្រកាន់មកលើលោក មឿន តុលា លោក ប៉ា ងឿនទៀង និងព្រះតេជគុណ ប៊ុត ប៊ុនតិញ។

លោក មុត ចាន់ថា ជំនួយការលោក កឹម សុខា សង្ឃឹមថា រាជរដ្ឋាភិបាលនឹងចាត់នីតិវិធីតុលាការដូចគ្នា ដើម្បីលើកលែងការចោទប្រកាន់ប្រឆាំងនឹង ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ព្រមទាំងសកម្មជននយោបាយផ្សេងទៀត ដើម្បីខ្មែរមានការផ្សះផ្សារ និងបង្រួបបង្រួមជាតិ។



