
ភ្នំពេញៈ ក្រុមចោរប្លន់ជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយដាវសាម៉ូរ៉ៃ កាប់ទៅលើយុវជនម្នាក់ កំពុងជិះម៉ូតូ ចំដៃនិងក្បាល រួចយកម៉ូតូទៅបាត់ កាលពីវេលាម៉ោង៤៖៥០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចស្តុបណតប្រីត កែងផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
មិត្តភ័ក្តជនរងគ្រោះបានប្រាប់ឲ្យភ្នាក់ងារ CAM POST បានដឹងថា យុវជនរងគ្រោះមានឈ្មោះ ព្រឿន ណាល់ អាយុ២១ឆ្នាំ មុខរបរ បម្រើការនៅក្លឹបមួយ ស្នាក់នៅផ្ទះជួលម្តុំក្រោយសួនកុមារពោធិ៍ចិនតុង និងមានស្រុកកំណើត ភូមិជ្រោយស្លែងក្របីក្រោម ឃូំកំពង់គរ ស្រុកព្រែកព្រះប្រសប់ ខេត្តក្រចេះ ។
ប្រភពបានរៀបរាប់ពីដំណើររឿងប្រាប់ឲ្យភ្នាក់ងារ CAM POST ដឹងទៀតថា នៅមុនពេលកើតហេតុ គាត់និងជនរងគ្រោះ រួមនឹងមិត្តម្នាក់ទៀត ជិះម៉ូតូម្នាក់មួយគ្រឿង ទើបចេញពីក្លឹប PLAY ដោយជនរងគ្រោះឌុបស្រីស្នហ៍ទៅផ្ទះ រួចត្រឡប់មកវិញ ដល់ចំណុចស្តុបណតប្រីតកន្លែងកើតហេតុ ក៏លេចមុខជនសង្ស័យ៥ទៅ៦នាក់ ប្រដាប់ដោយដាវសាម៉ូរ៉ៃ បានជិះម៉ូតូអែបមកជិតរួចធ្វើសកម្មភាព កាប់មកលើជនរងគ្រោះជាច្រើនដាវ ចំដៃ ក្បាល និងដាច់ថ្ពល់ ធ្លាក់ពីលើម៉ូតូសន្លប់ស្ដូកស្ដឹង រួចយកម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខក្រចេះ 1B-8221 ផលិតឆ្នាំ២០១២ ជិះគេចខ្លួនបាត់ ដោយមិនរំខានដល់សមត្ថកិច្ចឡើយ។ ភ្លាមៗនោះមិត្តភ័ក្តជនរងគ្រោះ ក៏បានរាយការណ៍ប្រាប់ពីដំណើររឿងទៅវិទ្យុABC ផ្សាយផ្ទាល់ផងដែរ។ ក្រោយមកមានរថយន្តគិលានសង្គ្រោះបានមកដល់កន្លែងកើតហេតុ ហើយបានដឹកជនរងគ្រោះទៅកាន់គ្លីនិកឯកជនរស្មី ។

បច្ចុប្បន្ន មិត្តភក្តិរបស់ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លា រួចហើយ៕








