
ថ្មីៗ ប្រជាពលរដ្ឋនិងមន្ត្រីរាជការ នៅទីរួមខេត្តតាកែវមានការងឿយឆ្ងល់ជាលើកទី២ ដោយសារតែមិនដល់មួយខែផង រូបសំណាកនៅខាងកើតវិមានឯករាជត្រូវបានរុះរើជាបន្តបន្ទាប់។ រូបសំណាក់នេះស្ថិតនៅរង្វង់មូលខាងកើតវិមានឯករាជ្យ រង្វង់នេះមានឈ្មោះថា រង្វង់មូលផ្កាឈូក ព្រោះមានរូបផ្កាឈូកមួយយ៉ាងធំ ប៉ុន្តែកាលពីចុងឆ្នាំ២០១៧កន្លងទៅ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តបានប្តូររូបសំណាកផ្កាឈូកនោះចេញ រួចដាក់ជំនួសមកវិញនូវរូបផ្ការំដួលវិញ។
ការផ្លាស់ប្តូររូបសំណាកផ្កាឈូកចេញ រួចដាក់រូបសំណាកផ្ការំដួលជំនួសវិញ ត្រូវបានលោក ឡាយ វណ្ណៈ ពន្យល់ថារូបសំណាកផ្កាឈូកនោះ ជាតំណាងឱ្យជាតិសាសន៍វៀតណាម និងជាតិសាសន៍ចិន ហេតុនេះហើយ ទើបបានជាអាជ្ញាធរខេត្តប្តូរចេញ ដោយដាក់ជំនួសមកវិញរូបសំណាកផ្ការំដួល ដែលជាតំណាងឱ្យជាតិសាសន៍ខ្មែរ ។ ប៉ុន្តែរូបសំណាកផ្ការំដួលនេះ ដាក់នៅរង្វង់មូលខាងកើតវិមានឯករាជ្យបានប្រមាណតែជាង៣ខែប៉ុណ្ណោះ លោក អ៊ូច ភា អភិបាលថ្មី បានបញ្ជាឱ្យវៃកម្ទេចចោល។
ទាក់ទងទៅនឹងការកម្ទេចរូបសំណាកផ្ការំដួលចោល នៅខាងកើតវិមានឯករាជ្យនេះដែរ លោក ណុបនី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានប្រាប់ថា នេះគឺជាគម្រោងរបស់ខេត្ត សូមសួរទៅលោកអភិបាលទើបដឹងច្បាស់។
ទាក់ទងនឹងរឿងនេះ ដែរ លោក អភិបាលខេត្តបានចេញសេចក្ដីប្រកាសនៅលើគណីហ្វេសប៊ុកលោកថា ៖
ខ្ញុំ អ៊ូច ភា អភិបាលខេត្តតាកែវ សូមជម្រាបជូនបង ប្អូន សាធារណជនមេត្តាជ្រាបថា ការរុះរើរូបសំណាក ផ្ការំដួលនេះ ខ្ញុំបាទមិនបានបញ្ជាអោយរុះរើនោះទេ គឺក្រុមហ៊ុនគាត់រុះរើដោយខ្លួនឯង ដោយគាត់ពិនិត្យឃើញថា ផ្កាមើលទៅវាមិនសូវសម ចឹងហើយខាងក្រុមហ៊ុនគាត់កែសម្រួល ផ្ការំដួលនេះអោយវាមានលក្ខណៈសមរម្យជាងមុនតែបុណ្ណោះ មិនមានការដោះដូរដាក់អ្វីផ្សេងនោះទេ ។ អាស្រ័យហេតុនេះ សូមបង ប្អូនសាធារណជនមេត្តាជ្រាប ដោយ អនុគ្រោះ ។ សូម បង ប្អូន មេត្តាទទួលនូវការគោរពស្រលាញ់រាប់អានបំផុតអំពីខ្ញុំ ។

សូមរំលឹកថា លោក ឡាយវណ្ណៈ ត្រូវបានដកតំណែងចេញ ក្រោយមកលោក និងបងប្រុស ឡាយ ណារិទ្ធ និងមនុស្ស៣នាក់ផ្សេងទៀតត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់រឿងឃាតកម្មអ្នកស្រី អ្នកស្រី ចេវ សុវឌ្ឍនា ហើយត្រូវបានឃុំខ្លួននៅពន្ធនាគារ។



