
ស្វាយរៀងៈ បុរសជនជាតិវៀតណាម្នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលច្រកម្ទេស ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានចាញ់បោកលក់ក្របីឲ្យទៅជនល្មើសខាងលើ ហើយបានសុទ្ធតែលុយក្លែងក្លាយ។
ករណីឃាត់ខ្លួនខាងលើនេះ សមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង៩ និង២៥នាទី ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមប្រភពព័ត៌មានពីម្ចាស់ក្របី៣នាក់ ដែលរស់នៅភូមិកើតហេតុខាងលើបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ពួកគាត់បានលក់ក្របីចំនួន២ក្បាលទៅឲ្យឈ្មោះ លី ហ្វៀងខាង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម មានលំនៅភូមិឡុងហ៊ឹង ឃុំឡុងធឹង ស្រុកប៊េនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម តម្លៃសរុប ២.៣០០ដុល្លារ ហើយនៅពេលប្រគល់លុយ ពួកគាត់អត់ស្គាល់ថា ជាលុយសុទ្ធ ឬលុយក្លែងក្លាយនោះទេ។ លុះដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ពួកគាត់ទៅរកទិញអីវ៉ាន់ពីផ្សារ ទើបដឹងថា សុទ្ធតែលុយដុល្លារក្លែងក្លាយទាំងអស់ ទើបនាំគ្នាមកដាក់ពាក់បណ្តឹងតែម្តង។

ក្រោយទទួលព័ត៌មានពាក់ព័ន្ធករណីខាងលើនេះភ្លាម សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ហើយពិនិត្យឃើញថា គឺសុទ្ធតែជាលុយក្លែងក្លាយទាំងអស់។ ខណៈនោះ សមត្ថកិច្ច ក៏ដូចប្រជាពលរដ្ឋបានធ្វើជាទំនាក់ទំនងទៅជនសង្ស័យណាត់ជួបដើម្បីឲ្យត្រឡប់មកទិញក្របី១ក្បាលទៀត។ លុះពេលជនសង្ស័យមកដល់ចំណុចខាងលើ សមត្ថកិច្ចក៏បានឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការរិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី៕
