
ភ្នំពេញៈ ក្មេងស្រីអាយុទើបតែ១ខួប ៦ខែម្នាក់ បានធ្លាយខួរចេញមកខាងក្រៅស្លាប់ភ្លាមៗនៅនិងកន្លែង រថយន្ដកាមេរីឆ្លាម១គ្រឿង ថយកិនគួរឲ្យអាសូរ។
ហេតុការណ៍ដ៏គួរឲ្យអាសូរនេះ បានកើតឡើងនៅម៉ោង១១៖៣០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចមុខផ្ទះគ្មានលេខ ក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះឈ្មោះ ពុទ្ធ លក្ខណា អាយុ១ខួប៦ខែ មានឪពុកឈ្មោះ ពុទ្ធ ប៊ុនថន អាយុ២៨ឆ្នាំ មុខរបរបើកឡាន នឹងម្តាយឈ្មោះ គង់ ស៊ីចាន់ អាយុ២៦ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅក្បែរទីតាំងកើតហេតុ។ ចំណែករថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2Q-4513 អ្នកបើកបរឈ្មោះ សាន់ នី ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរលក់ដូរ មានទីលំនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចលិច ស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្បន្នស្នាក់នៅក្បែរភូមិ-សង្កាត់កើតហេតុ។

ម្ដាយក្មេងស្រីរងគ្រោះ បានរៀងរាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ «ម្ដាយ» កំពុងធ្វើម្ហូប និងបានប្រើឲ្យកូនប្រុសអាយុ៥ឆ្នាំម្នាក់ទៀត ទៅទិញម្រេច ដោយមិនបានដឹងថា កូនស្រីគាត់«ក្មេងស្រីរងគ្រោះ» រត់ទៅតាមពីក្រោយជាមួយបងប្រុសឡើយ ស្រាប់តែមួយសន្ទុះឮសូរសំឡេងស្រែក ទើបគាត់ចេញពីក្នុងផ្ទះទៅមើល បែរជាឃើញកូនស្រីគាត់ ត្រូវរថយន្ដបើកកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មទៅហើយ។ បន្តិចក្រោយមកអ្នកបើកបរ ជាមួយនិងរថយន្ដ ត្រូវបានអ្នកជិតខាងឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន ដើម្បីដោះស្រាយគ្នាទៅតាមច្បាប់នៅពេលក្រោយ។
ប្រភពពីកន្កែងកើតហេតុ បានឲ្យដឹងថា មុនក្មេងស្រីស្លាប់ គេបានឃើញរថយន្តខាងលើបើកតាមផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ដែលមានរោងការនៅបាំងបើកទៅមុខមិនរួច ក៏បានបើកថយក្រោយ ដោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យកិនកុមារីរងគ្រោះតែម្ដង។ ចំណែកឯសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



