
កម្សាន្តៈ រឿងរ៉ាវលើកឡើងថា ខេមរៈ សិរីមន្ត មានប្រពន្ធនិងកូន កំពុងក្លាយជាផ្ទាំងស៊ីបរបស់មហាជនទូទៅចង់ដឹង ក្រោយដំណឹងនេះក្លាយជាទុំជោរាប់ឆ្នាំទៅហើយ។ ដំរីងាប់មិនអាចយកចង្អេរបាំងបានទេ វាំងននខ្មៅបានទម្លាយចេញ ក្រោយពីកំពូលតារារូបនេះ សារភាពច្បាស់ក្រលែតឈប់បិទបាំងឆ្លើយតបការចង់ដឹង និងលាងជម្រះឲ្យអស់រឿងមានប្រពន្ធកូន ។
ការចេញមកសារភាពពីតារាចម្រៀងរូបនេះ បានធ្វើឡើង បន្ទាប់ពីធ្លាយដំណឹងជាមួយនឹងការចុះផ្សាយពីបណ្តាញសារព័ត៌មាននានា ជុំវិញការមានប្រពន្ធកូនរបស់តារារូបនេះ ។ ទាំងលោក ខេមរៈ សិរីមន្ត និងក្រុមគ្រួសារបានធ្វើការបដិសេធដោយប្រយោល និងបានស្រាវជ្រាវវែកមុខរកអ្នកដែលទម្លាយពីបញ្ហាផ្ទាល់ខ្លួននេះទៅវិញ ។

ព័ត៌មានហាក់ស្ងប់បន្តិចនោះ តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានចេញមកអះអាងដោយផ្ទាល់ ដោយលោកបានទទួលបញ្ហាខាងលើនេះ គឺជាការពិតមែន ។
តាមហ្វេសប៊ុករបស់លោក ខេមរៈ សិរីមន្ត បានបង្ហោះសារថា "ខ្ញុំបាទ ខេមរៈ សិរីមន្ត សូមជុំរាបជូនបងប្អូនទាំងអស់គ្នា កុំឲ្យមានភាន់ច្រឡំតទៅទៀត ខ្ញុំបាទបានរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ២០០៩ នឹងមានកូនៗចំនួនបីនាក់ ហើយសូមបងប្អូនមេត្តាជ្រាប សូមអគុណចំពោះការយកចិត្តទុកដាក់មកលើគ្រួសារយើងខ្ញុំ" ។ នេះជាការទទួលខុសត្រូវមួយចំពោះគ្រួសារ បើទោះបីជាលោកជាតារាចម្រៀងល្បីលំដាប់ជួរមុខក្នុងប្រទេសក៏ដោយ ។

គេរំពឹងការចេញមកសារភាពមានប្រពន្ធកូនរបស់លោក ខេមរៈ សិរីមន្ត នាពេលនេះ នឹងមិនធ្វើឲ្យប្រជាប្រិយភាពរបស់លោកថមថយឡើយ។ ភាពល្បីមិនស្ថិតលើតារាមានប្តីមានកូនប្រពន្ធធ្លាក់កូដឡើង សំខាន់សមត្ថភាពទេពកោសល្យ និងចរិកលក្ខណៈប៉ុណ្ណោះ៕




