
នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភជាថវិកា គ្រឿងបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនជូនលោក ចៅ ច័ន្ទណារី ជាតារាសម្តែងជើងចាស់ធ្លាប់ទទួលបានពានរង្វាន់លេខ១ ទូទាំងប្រទេស ក្នុងការប្រកួតខ្សែភាពយន្តខ្មែរ ទស្សវត្ស ១៩៩១ ក្នុងការសម្តែងជាតួឯកក្នុងរឿង "ស្មានមិនដល់" និងមានស្នាដៃសម្តែងជាច្រើនទៀត។
យោងតាមហ្វេសប៊ុក ខុទ្ទកាល័យសម្តេច ប៊ុន រ៉ានី ហ៊ុន សែន បានឱ្យដឹងថា៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរចំពោះស្ថានភាពរស់នៅរបស់លោក ចៅ ច័ន្ទណារី ដែលជាសិល្បៈករជើងចាស់ បានបន្សល់ទុកស្នាដៃសម្តែងជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ។ ជាមួយគ្នានេះ លោកជំទាវ បានផ្តាំផ្ញើឱ្យខិតខំថែរក្សាសុខភាពឱ្យបានល្អ និងបន្តប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតដើម្បីអនាគតប្រពន្ធ-កូនតទៅមុខទៀត។
បច្ចុប្បន្ន លោក ចៅ ច័ន្ទណារី និងភរិយា រស់នៅភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចតេជោ ហ៊ុន សែន ដែលតែងតែមានមេត្តាធម៌ មានក្តីករុណា ចំពោះសុខទុក្ខរបស់សិល្បករជើងចាស់ និងប្រជាជនទូទៅជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ។

