
ផ្លូវដែកប្រទេសឥណ្ឌា កំពុងប្រកាសជ្រើសរើសបុគ្គលិកជាច្រើនផ្នែកដូចជា៖ ការងារសម្រាប់អ្នកបើកបររថភ្លើង និងអ្នកបច្ចេកទេស ចំនួន ២៦ ៥០២នាក់ ក៏ដូចជាមុខតំណែង សម្រាប់កម្មករផ្លូវដែក ជាងផ្សារដែក និងអ្នកលើកអីវ៉ាន់ចំនួន ៦២ ៩០៧នាក់ ដើម្បីធ្វើការឱ្យបណ្តាញផ្លូវដែក ដែលគ្រប់គ្រង ដោយជាតិ ដែលបច្ចុប្បន្នកំពុងទទួលបានកម្មវិធីទំនើបកម្មក្នុង ទំហំទឹកប្រាក់ ១៣០ពាន់លានដុល្លារ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញ បានឱ្យដឹងថា បណ្តាញផ្លូវដែកនៅក្នុងប្រទេសឥណ្ឌា គឺទទួលបានការដាក់ពាក្យសុំធ្វើការតាមបណ្តាញអ៊ីនធឺណេតមានបេក្ខជនចំនួន ២៨លាននាក់។
បើតាមមន្រ្តីផ្លូវដែកឥណ្ឌាបានព្យាករណ៍ថា ចំនួនបេក្ខជនក្នុងតំណែងចំនួន ៩០ ០០០កន្លែងប៉ុណ្ណោះ ដែលនឹងត្រូវជ្រើសរើសនៅថ្ងៃកំណត់ឈប់ទទួលពាក្យ។ ចំណែកឯ លោក Ashwani Lohani ប្រធានក្រុមប្រឹក្សាភិបាលផ្លូវដែកបានប្រាប់ថា យើងមិនបានជ្រើសរើសសម្រាប់រយៈពេលពីរឆ្នាំចុងក្រោយនេះទេ ដូច្នេះយើងត្រូវការមនុស្សបន្ថែមទៀត។
សូមរំលឹកថា កាលពីដើមខែមីនា រដ្ឋាភិបាលឥណ្ឌាបានប្រកាសថានឹងបង្កើតសេវាកម្មផ្លូវដែកល្បឿនលឿនចូលទៅក្នុងក្រុង New Delhi រថភ្លើងល្បឿនលឿននេះអាចរត់បាន ១០០ម៉ាយ (ប្រហែល១៦០គីឡូម៉ែត្រ) ក្នុងមួយម៉ោង បច្ចុប្បន្នរថភ្លើងរត់ក្នុងល្បឿនត្រឹមតែ ៤៤ម៉ាយ(ប្រហែល៧០គីឡូម៉ែត្រ) ក្នុងមួយម៉ោងតែប៉ុណ្ណោះ។
ប្រទេសឥណ្ឌាជាប្រទេសមួយដែលមានប្រជាជនច្រើនលំដាប់លេខ២ក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន។


