
ភ្នំពេញៈ គួរឲ្យអាសូរ! ព្រូរថយន្តម្នាក់ បានស្លាប់ បន្ទាប់ពីតៃកុងរថយន្កងោកមួយភាំង រេចង្កូតទៅបុករះបង្គោលឡាក់បាក់ជាច្រើនដើម ហើយរថយន្តក្រឡាប់ផ្ងារជើងចាក់ឧសពេញផ្លូវ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវកោង ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បុរសជាព្រូរថយន្តជនរងគ្រោះ(ស្លាប់)មានឈ្មោះ ឡង សារុំ អាយុ៣៥ឆ្នាំ មានស្រុកកំណើតតនៅភូមិឈើទាលខ្ពស់ ឃុំកំពុងត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើ មានគ្នា៣នាក់ ព្រូ២នាក់ តៃកុងម្នាក់ បើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ជារបស់ក្រុមហ៊ុន ឡោ ម៉េងហ៊ួត ដឹកកំណាត់ឧសរាប់តោន ពាក់ស្លាកលេខ ភ្នំពេញ 3A-8834 បើកពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន។ ដោយសារតែតៃកុងងងុយដេក ហើយងោកងុយជាច្រើនដងផងនោះ បានរេចង្កូតរថយន្តទៅបុកបង្គោលឡាក់បាក់អស់ជាច្រើនដើម ហើយរថយន្តក៏ផ្អៀង រួចក្រឡាប់ផ្ងារជើងម្ខាងតែម្ដង និងបណ្ដាលឲ្យព្រូរថយន្ត ដែលកំពុងជិះខាងលើ ត្រូវឧសរាប់សិបកំណាត់ចាក់សង្កត់ពីលើស្លាប់ភ្លាមៗ និង២នាក់ទៀត រងរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ដោយឡែក សពព្រូឡានខាងលើ ត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕




