
ភ្នំពេញៈ សកម្មភាពក្រុមមន្ត្រីគយចល័យរាជធានីភ្នំពេញ ចុះបង្ក្រាបរថយន្តសង្ស័យមិនបង់ពន្ធ ឬគ្មានពន្ធនាំចូល បានធ្វើឡើងដោយប៉ាណាប៉ាណី មិនច្បាស់លាស់ “បើចាប់ខុសអាងសុំទោស បើចាប់ត្រូវមានស្នាដៃ”។ សកម្មភាពទាំងនេះ បានធ្វើឲ្យមជ្ឈដ្ឋានមហាជនរិះគន់យ៉ាងខ្លាំង ព្រោះពួកគេហ៊ានធ្វើក៏អាងលិខិតបេសកកម្ម អាងអំណាច ធ្វើការដោយគ្មានទទួលខុសត្រូវ ជះឥទ្ធិពលអាក្រក់ដល់សង្គម។
តាមសេចក្ដីរាយការណ៍ ដែលអង្គភាពសារព័ត៌មាន Cam Post ទទួលបានឲ្យដឹងថា គយចល័យមួយក្រុម នៅព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ បានប្រដេញចាប់រថយន្ត LEXUS មួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-7893 នៅចំណុចភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្រុមគយចល័ត បានយករថយន្ត វីហ្គោ បំពាក់ស៊ីរ៉ែន បិទពីមុខបិទពីក្រោយ មើលទៅដូចករណីបង្ក្រាបគ្រឿងញៀន ឬបទឧក្រិដ្ឋ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដោយចោទប្រកាន់ម្ចាស់រថយន្តប្រើប្រាស់ឡានគ្មានពន្ធនាំចូល ត្រូវបង្ខំនាំឡាន១គ្រឿងនេះ ទៅស្នាក់ការរបស់ខ្លួន។

សេចក្ដីរាយការណ៍បន្តថា ក្នុងប្រតិបត្តិការចាប់រថយន្តខាងលើ ខាងគយចល័ត មិនព្រមស្តាប់ពីហេតុផលម្ចាស់រថយន្តបកស្រាយទេ សំខាន់ដឹងតែប្រើវប្បធម៌តាមទម្លាប់ត្រូវតែអូសឡានយកទៅកន្លែងសិន។ ប៉ុន្តែផ្ទុយទៅវិញករណីនេះ ម្ចាស់រថយន្តជាអ្នកមានមុខមាត់ក្នុងសង្គម មានឯកសារសំអាងស្របច្បាប់ សំបុត្រពន្ធនាំចូល ហើយពន្ធអាករជាបន្ទុករបស់រដ្ឋទៀត ទើបក្រុមគយចល័តភ្លឺភ្នែក ហើយចុងក្រោយបានត្រឹមតែសូមទោស និងអនុញ្ញាតឲ្យរថយន្តចេញ ខណៈពួកគេដកខ្លួនចេញដោយប្រញាប់ប្រញាល់តែប៉ុណ្ណោះ។
ជុំវិញបញ្ហាខាងលើនេះ បានធ្វើឲ្យមហាជនរិះគន់ថា ក្រុមគយចល័តទាំងនោះ ធ្វើការមិនច្បាស់លាស់ មិនចេះស្រាវជ្រាវឲ្យបានម៉ត់ចត់ ឬធ្វើតាមទម្លាប់ស្មានៗ បើខុសអាងសុំទោស មិនគិតពីកិត្តិយសរបស់ម្ចាស់រថយន្តឡើយ។ ពួកគេយល់ឃើញថា នេះប៉ះរថយន្តអ្នកធំគេធ្វើអ្វីស្របច្បាប់ ចុះបើរថយន្តនោះ ជាអ្នកធំកំពុងជិះវិញ តើគាត់នឹងត្រូវបាត់បង់កិត្តិយសកម្រិតណា? បើធ្វើឲ្យឆោឡោពេញសង្គម ច្បាស់ណាស់ពលរដ្ឋនឹងវាយប្រហារថា អ៊ីចេះអ៊ីចុះ។
គួររំឭកថា ករណីក្រុមគយចល័ត ប្រដេញចាប់រថយន្តមានពន្ធនាំចូល ពន្ធអាករត្រឹមត្រូវ ជាបន្ទុករបស់រដ្ឋព្រឹកមិញ គឺជារថយន្តគេប្រើអស់រយៈពេល៨ឆ្នាំមកហើយ ហើយដែលទិញស្របគ្នាជាមួយរថយន្តរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕





