
ភ្នំពេញៈ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវដល់មហាជន ជាពិសេស អាជីវករដែលប្រកបរបរជួលរថយន្ត សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចកល់ជនខិតខូច ដោយមុននឹងជួលរថយន្ត សូមកុំពិនិត្យត្រឹមតែឯកសារ គួរតែស្គាល់ ប្រវត្តិសាវតាអ្នកជួលឲ្យបានច្បាស់ និងចុះទៅដល់មូលដ្ឋានផ្ទាល់ ព្រមទាំងស្វែងរកការបញ្ជាក់ធានាអះអាង ពីអាជ្ញាធរមូលដ្ឋានសិន ចាំសម្រេចចិត្តជួយឲ្យជាក្រោយ បើមានករណីអ្វី ដែលសង្ស័យថាមិនប្រក្រតី សូមប្រញ៉ាប់រាយការណ៍ មកសមត្ថកិច្ចជាបន្ទាន់។
ទាក់ទិននឹងករណីឆបោកនេះ គឺកាលពីអំឡុងថ្ងៃចូលឆ្នាំខ្មែរ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យស្រីប្រុស៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារពាក់ព័ន្ធ ករណីជួលរថយន្តអ្នកដ៏ទៃ ចំនួន៤២គ្រឿង រួចបែរជាយកទៅបញ្ចាំទៅវិញ។
ជនសង្ស័យទាំង៣នាក់នោះ ទី១-ឈ្មោះ ឃាម រដ្ឋា ហៅយ៉ា ភេទស្រី អាយុ៣៥ឆ្នាំ, ទី២-ឈ្មោះ ឈ័ន ភក្តី ហៅស្រម៉ូម ហៅពន្លក ភេទប្រុស អាយុ៤២ឆ្នាំ និងទី៣-ឈ្មោះ ផេង លី ហៅដា ភេទស្រី អាយុ៣៣ឆ្នាំ។
លុះមកដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ចៅក្រមបានចេញដីកាបង្គាប់ឲ្យកម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ នាំខ្លួនស្ត្រី២នាក់ ទៅឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំថ្ងៃបើកសាវនាជំនុំជម្រះតាមនីតិវិធី។ ក្នុងសំណុំរឿងនេះ ផងដែរ អាវុធហត្ថរាជធានីភ្នំពេញ បានស្នើសុំលោកប្រធានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាចាប់ខ្លួន អ្នកជាប់ពាក់ព័ន្ធ៩នាក់ផ្សេងទៀត ដែលបានគេចខ្លួន។

មកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវរកឃើញថា ជនសង្ស័យដែលបានគេចខ្លួនម្នាក់ឈ្មោះ ឈិន ថុល គឺជាអគ្គនាយកក្រុមហ៊ុន «យិន ត្រាង ឌីវេឡប់ម៉ិន ឯ.ក» ដែលមានឈ្មោះពេញថា ឈិន ចាន់ថុល អាយុ៤២ឆ្នាំ អាសយដ្ឋានផ្ទះលេខ៨០៦ ផ្លូវNTZ ក្រុមទី៤ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានទៅរត់ទៅលាក់ខ្លួននៅខេត្តស្ទឹងត្រែង ព្រមទាំងបានដកហូតរថយន្តចំនួន៣គ្រឿងផងដែរ។
លុះនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានី បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យឈ្មោះ ឈិន ចាន់ថុល ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ហើយលោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទរូបនេះ ដោយចោទប្រកាន់ពីបទ ជាប់ពាក់ព័ន្ធសំណុំរឿងទទួលផលចោរកម្ម និងដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំថ្ងៃបើកសាវនាការជំនុំជម្រះ តាមនីតិវិធី។


តាមការគូសបញ្ជាក់របស់អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងនេះមិនទាន់ត្រូវបានបញ្ចប់ទេ ព្រោះនៅមានជនសង្ស័យជាប់ពាក់ព័ន្ធ៨នាក់ផ្សេងទៀត ដែលសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្នើសុំលោកប្រធានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាចាប់ខ្លួនបន្ថែម។
ពាក់ព័ន្ធនឹងករណីនេះ ស្រាប់តែលេចឮដំណឹងដែលហួសចិត្ត ដោយពលរដ្ឋបានទម្លាយរូបនារីម្នាក់ឈ្មោះ ពេញ ស្រីមាន ហៅអាលី ដែលជាមនុស្សតែមួយ ជាមួយនឹង នារីឈ្មោះ ផេង លី ហៅដា ដែលអាវុធហត្ថរាជធានីភ្នំពេញទើបតែបានបញ្ជូនទៅពន្ធនាគារ គឺធ្លាប់ត្រូវបានសមត្ថកិច្ចផ្សេងទៀត ឃាត់ខ្លួនម្តងរួចហើយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ពីបទ រំលោភលើទំនុកចិត្ត តែមិនមានរបាយការណ៍បញ្ជាក់ថា សមត្ថកិច្ចខាងណាជាអ្នកឃាត់ ហើយជនសង្ស័យបានរួចខ្លួនវិញ ដោយរបៀបណាឡើយ។



ជាមួយគ្នានោះ ប្រភពបានបង្ហើបឲ្យដឹងទៀតថា នៅមានជនរងគ្រោះផ្សេងទៀត បានមកដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ រហូតមកទល់ពេលនេះ រថយន្តដែលក្រុម ជនសង្ស័យបានឆបោកទៅនោះ បានកើនពី៤២គ្រឿង ឡើងដល់ចំនួន៥២គ្រឿងហើយ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ បើបងប្អូនណា បានស្គាល់ និងមានដំណឹងពីជនសង្ស័យសេសសល់ដែលកំពុងរត់គេចខ្លួន សូមរាយការណ៍មក សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១៧ ៨១ ៨១ ៧១ នោះម្ចាស់រថយន្ត នឹងមានសាគុណជូន៕




