Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រឿងដែលគេចាប់អារម្មណ៍ កាលពីថ្ងៃសៅរ៍ម្សិលមិញនៅជាយក្រុងភ្នំពេញ ជុំវិញករណីផ្ទុះអាវុធជាច្រើនគ្រាប់ ចេញពីភូមិគ្រឹះឧត្តមសេនីយ៍ផ្កាយ៣ នៅជួរកងអង្គរក្ស ដែល​មានងារជាឧកញ៉ា​ ពេលនេះត្រូវបានលាតត្រដាងហើយ។

លោកឧត្តមសេនីយ៍ផ្កាយ៣​ នៅបញ្ជាការដ្ឋានកងអង្គរក្ស ដែលមានងារជាឧកញ៉ា​ ទើបនឹងតែងតាំងកាលពីពេលថ្មីៗ បានប្រាប់ថា​ លោកមិនបានបាញ់នៅក្នុងភូមិគ្រឹះឡើយ​ ហើយរឿងនេះ គឺជារឿងក្នុងគ្រួសារ។

ថ្លែងបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន​ CAM POST នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ លោក​ ឧកញ៉ា​ ហូ​ ចំរើន​ បានឲ្យដឹងថា​ ការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ មួយចំនួន នៅមិនទាន់ជ្រាបច្បាស់ពីហេតុការណ៍ ហើយចេះតែ​ចុះ ដែលនាំឲ្យបញ្ហាដំណឹងមិនពិតនេះ កាន់តែរីកទៅៗ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៣៖៣៥នាទីរសៀល ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ​បានកើតឡើងនៅចំណុចផ្ទះវីឡាគ្មានលេខ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីមានករណីផ្ទុះអាវុធប្រហែល៦-៧គ្រាប់ នៅក្នុងផ្ទះ ឧកញ៉ា​ ហូ​ ចំរើន​ ។

របាយការណ៍សមត្ថកិច្ចសន្និដ្ឋានថា​ ឧកញ៉ា​ ហូ​ ចំរើន​ ជាអ្នក​បាញ់​ ហើយនៅក្នុងហេតុការណ៍នោះមានមនុស្ស៣នាក់ជាជនរងគ្រោះ​ ១-ឈ្មោះ យិន គារ ភេទប្រុស អាយុ៥៦ឆ្នាំ, ទី២-ឈ្មោះ ផន ទៀង ភេទស្រី អាយុ៥១ឆ្នាំ និងទី៣-ឈ្មោះ គារ សុខគាង ភេទស្រី អាយុ១៩ឆ្នាំ (ភរិយា)។ ជនរងគ្រោះទាំង៣ ស្នាក់នៅទីតាំងកើតហេតុខាងលើ។

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ លោកឧកញ៉ា ហូ ចំរើន និងលោកស្រី គា សុខគាង ទើបតែត្រូវបានព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាឧកញ៉ាទាំងរូបលោក និងភរិយាតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor