Sponsor
រិទ្ធី

គេតែងតែសង្កេតឃើញថាមានការវៃប្រហារពីរឿងផ្សេងៗទៅលើត្រកោលហ៊ុន និយាយជារួម វៃប្រហារលោក ហ៊ុន ម៉ាណែត និយាយដោយឡែក តាមរយៈការបង្ហោះជារូបភាព សារសន្ទនាជាដើម។ ប្រហែលជារឿងនេះហើយបានជាធ្វើឱ្យលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន ទ្រាំមិនបាន មានតែពន្យល់ពីរឿង “ឆ្កែចេះតែព្រុស និងមនុស្សចេះតែដើរ”។ នៅថ្ងៃចុងសប្តាហ៍នេះ លោក ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា៖សួស្តីបងប្អូនទាំងអស់គ្នា! សូមជូនរឿងខ្លីមួយសម្រាប់អានលេងល្ងាចថ្ងៃអាទិត្យ ដែលដកស្រង់ចេញពីការជជែកគ្នាលេងរវាងខ្ញុំ និងមិត្តខ្ញុំម្នាក់ “ពីរឿងឆ្កែចេះតែព្រូស និងមនុស្សចេះតែដើរ”។

ម្សិលមិញមិត្តរបស់ខ្ញុំម្នាក់គាត់សួរខ្ញុំប៉ុន្មានសំណួរ ហើយខ្ញុំបានឆ្លើយប្រាប់គាត់៖

សំណួរទី១៖ ខ្ញុំឃើញឆ្កែតាជាតិពីរបីក្បាល វាព្រូសអីក៏ព្រូសយ៉ាងនេះបង? ខ្ញុំឆ្លើយប្រាប់មិត្តខ្ញុំថា ខ្ញុំឃើញតើសតែមិនសូវចាប់អារម្មណ៍ព្រោះវាអាដែលៗ។ វាមិនមានអ្វីជារឿងចម្លែកទេ ដែលឆ្កែវាព្រូស ព្រោះជាធម្មជាតិរបស់ឆ្កែ បើសិនវាមិនព្រូសបានវាមិនធម្មតា។ បើវាមិនព្រូសបានអីម្ចាស់របស់វាអោយបាយស៊ី ព្រោះម្ចាស់វាគិតថាចិញ្ចឹម ឆ្កែអត់បានប្រយោជន៏ ព្រោះនៅស្ងាត់ពេក អត់ធ្វើអីសោះ។

ចំណែកសំណួរទី២៖ ចុះបើវាព្រូសអត់ដឹងអ៊ីចឹង បងឯងមិនធុញទេ? ខ្ញុំប្រាប់ថាចុះយើងជាមនុស្សយើងមានកិច្ចការមនុស្សច្រើនណាស់ដែលត្រូវធ្វើ ចាំបាច់ទៅឈឺក្បាលហាលថ្ងៃអីជាមួយពួកឆ្កែដែលវាព្រូសនោះ។ ឆ្កែវាតែងតែព្រូសហើយ ឱ្យតែឃើញមនុស្សដែលមិនមែនជាម្ចាស់របស់វាឬអ្នកដែលវាស្គាល់។ វាព្រូសដាក់គេ ដាក់ឯងគ្រប់តែគ្នាហ្នឹង វាមិនចាំបាច់មានហេតុផលទេ។ ពេលខ្លះ អត់មានមនុស្ស គ្រាន់តែខ្យល់បក់ស្លឹកឈើ ក៌វាព្រូសដែរ។

រីឯ សំណួរទី៣៖ អ៊ីចឹងបងធ្វើម៉េចបើវាព្រូសអត់ឈប់? ខ្ញុំប្រាប់ថាមានធ្វើម៉េច បើឆ្កែវាព្រូសឱ្យវាព្រូសតែវាទៅ ព្រោះជាធម្មជាតិរបស់វា ហើយណាមួយដើម្បីមេវាឱ្យបាយស៊ី។ សម្រាប់មនុស្សយើង យើងគិតតែពីការងាររបស់មនុស្សយើងទៅ បើយើងរវល់តែគិតពីរឿងឆ្កែព្រូស ហើយទៅតជាមួយវា មានតែ ១- យើងលើកឆ្កែឱ្យស្មើមនុស្ស ឬ ២- យើងជាមនុស្សដាក់ខ្លួនឱ្យស្មើឆ្កែ។ ជម្រើសណាមួយ ក៏គ្មានចំណេញដែរនាំឱ្យតែយើងខាតពេលធ្វើការងារមនុស្សលោក។

សំណួរចុងក្រោយ៖ ចុះបងឯងគិតថាវាព្រូសដល់ពេលណាបានឈប់? លោក ហ៊ុន ម៉ាណែត ឆ្លើយថាតាមតែវាទៅ វាព្រូសហត់ពេលណាវាឈប់ពេលហ្នឹងទៅ។ ហើយបើវាមិនចេះហត់ ឱ្យវាព្រូសទាល់តែងាប់ខ្លួនវាក៏តាមតែវាចុះ។ យើងគិតតែពីផ្តោតទៅលើការងារមនុស្សយើងទៅបានហើយ ព្រោះការងារមនុស្សមានច្រើនណាស់ដែលត្រូវធ្វើ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor