
ព្រៃវែងៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយជិះម៉ូតូទៅបុកជាមួយរថយន្តឡិចសុីស ៤៧០ ចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១រសៀល ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១រសៀល នៅលើផ្លូវជាតិលេខ៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥២-៥៣ ស្ថិតក្នុងភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CP-9456 បើកបរដោយឈ្មោះ គង់ គុណ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃអំពៅ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូក៏បានជិះហួសគន្លងអាទិភាព ជ្រុលទៅបុករថយន្ត១គ្រឿង ម៉ាកឡិចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-9191 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូផ្លោងខ្ទាតធ្លាក់ទៅចិញ្ចើមផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្តក្រោយឃើញសភាពការមិនស្រួល បានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញបានចុះទៅវាស់វែងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំងរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


