Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានចំអក និងឌឺដងទៅកាន់ក្រុមគ្រួសារលោក គង់ គាំ ថា កំពុងសង្គ្រោះគ្រួសារ និងព្រទ្យសម្បត្តិ បានដាច់ចិត្តបង្កើតគណបក្សនយោបាយថ្មីឈ្មោះ "ឆន្ទៈខ្មែរ"។

លោក អេង ឆៃអ៊ាង បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែមេសាមេះ យ៉ាងដូច្នេះថា «ចិត្តមនុស្សពិតជាមិនអាចវាស់បានមែន ដូចពាក្យចាស់លោកបានពោលថា "ជម្រៅទឹកសមុទ្រ គេអាចវាស់បាន តែជម្រៅចិត្តមនុស្ស មិនអាចវាស់បានឡើយ "។ យ៉ាងណាមិញ ចិត្តអ្នកនយោបាយ ក៏ដូច្នោះដែរ ចិត្តពីដំបូងធ្វើនយោបាយដើម្បីសង្គ្រោះជាតិទាំងអស់គ្នា ដល់ពេលសង្គ្រោះជាតិជួបឧបសគ្គ បានប្រែចិត្តទៅសង្គ្រោះគ្រួសារ ឬទ្រព្យសម្បត្តិវិញ»

ចំណែកលោក ហេង ដារ៉ូ អតីតសមាជិកគណបក្សសង្គ្រោះជាតិ ក៏បានលើកយ៉ាងដូច្នេះដែរថា «ខ្ញុំគោរពស្រលាញ់លោកពូ គង់ គាំ និងគ្រួសារនៅលើឧត្តមគតិ ដែលលោកពូលះបង់ ដើម្បីបុព្វហេតុប្រជាធិបតេយ្យ និងសេរីភាពចេញពីចង្កូមពួកផ្ដាច់ការប្រាថ្នាជួយជាតិឲ្យ​មានការផ្លាស់ប្ដូរពិតប្រាកដ តែខ្ញុំមិនគាំទ្រគំនិតលោកពូឲ្យ​ ម៉ូនីកា បង្កើតគណបក្សក្នុងកាលៈទេសនេះទេ វាជាអន្ទាក់ ដែលរឹតតែវ័ណ្ឌកទ្វេឡើង»

លោកបន្តថា «លោកពូស្គាល់ច្បាស់ពីជនផ្ដាច់ការ គេមិនដែលទុកឱកាសឲ្យ​យើងនៅពេលគេមានប្រៀបទេ ដូច្នេះយើងមិនត្រូវផ្ដល់ប្រៀបឲ្យ​គេឡើយ។ ស្ដាយកេរ្ដិ៍ឈ្មោះស្ដាយកិត្តិយសដែលសាងជាង២០ឆ្នាំ ត្រូវបានបំផ្លាញមួយរំពេច»

ដោយឡែក សកម្មជនបក្សប្រឆាំង ដែលពូកែរករឿងក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន គឺលោក ឆាំ ឆានី បានសរសេរលើបណ្តាញសង្គមថា លោក គង់ គាំ ឲ្យកូនគាត់ឈ្មោះ គង់ ម៉ូនីកា បើកបក្សថ្មីមួយឈ្មោះបក្ស «ឆន្ទៈរាស្ត្រខ្មែរ» ដោយគ្រោងចេញជាផ្លូវការក្នុងពេលឆាប់ៗនេះ ដែលមាន គង់ បូរ៉ា ជាអ្នកដើរប្រមូលស្នាមមេដៃគាំទ្រ។ ជាក់ស្តែង ពេលនេះ គង់ ម៉ូនីកា បានចេញសេចក្តីប្រកាសជាផ្លូវការហើយ។

«ក្នុងនាមជាពលរដ្ឋម្នាក់ និងក៏ជាអ្នកចូលរួមក្នុងកិច្ចការនយោបាយជាច្រើនឆ្នាំកន្លងមក ឆាំ ឆានី សូមផ្តាំទៅលោក គង់ គាំ និងកូនចៅថា ការបើកបក្សនយោបាយវា គឺជាសិទ្ធិបុគ្គលយ៉ាងពិតប្រាកដ តែក្នុងបរិបទសព្វថ្ងៃ លោក និងកូនចៅ មិនគួរបើកបក្សឡើយ ព្រោះវាបានត្រឹមតែជាផ្កាលម្អ​សួន ឬដើរតួបំពេញភាពស្របច្បាប់ឲ្យ​ជនប្លន់អំណាច ជនផ្តាច់ការ និងជនលួចជាតិ ឬក្បត់ជាតិ តែប៉ុណ្ណោះ»។ លោក ឆាំ ឆានី បញ្ជាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor