
បន្ទាយមានជ័យៈ បុរសម្នាក់ ត្រូវបានប៉ូលិសក្របូចជាប់ចូលគុក ក្រោយពីរូបគេលួមលោម នារីមិនស្រូវគ្រប់ទឹក ទៅផឹកស៊ីជាមួយ រួចចាប់រំលោភបានសម្រេច តែជាសំណាងអាក្រក់ បែកការដល់ម្ដាយនារីរងគ្រោះ។
ការឃាត់ខ្លួនបុរសខាងលើនេះ ធ្វើឡើងកាលពីម៉ោង៨ព្រឹកថ្ងៃអាទិត្យ ៨រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមណ្ឌលបី ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហុក ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភួមិឃុំកើតហេតុខាងលើ។
លោកបន្តថា នៅវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ លោកបានទទួលពាក្យបណ្តឹងស្រ្តីអាយុ ៦៣ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ពីបទរំលោភសេពសន្តវៈ ទៅលើឈ្មោះ អ.ស.ជ ភេទ ស្រី អាយុ ២៦ឆ្នាំ ត្រូវជាកូនស្រីរបស់គាត់ ទើបលោកបានដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនសង្ស័យតែម្ដង។
ក្រោយពីធ្វើការឃាត់ខ្លួន និងសាកសួររួចមក ជនសង្ស័យបានសារភាពថា នៅយប់កើតហេតុ ខ្លួនបានផឹកស្រាបៀរនៅបន្ទប់របស់ខ្លួន តាំងពីព្រលឹម រហូតដល់ពេលល្ងាច បណ្តាលឲ្យស្រវឹងជោកជាំ ហើយបានហៅជនរងគ្រោះមកផឹកជាមួយ លុះជនរងគ្រោះផឹកបានចំនួន ២កំប៉ុង ខ្លួនបាននាំជនរងគ្រោះទៅផឹកនៅខាងក្រៅបន្ទប់ ក្នុងរោងគ្មានមនុស្សនៅ ពេលនោះខ្លួនបានអោប ថើបជនរងគ្រោះតាមចិត្ត ដោយមើលឃើញជនរងគ្រោះមិនមានការរើបម្រាស់ ខ្លួនក៏បានដៃហើយអូសដៃជនរងគ្រោះចូលក្នុងបន្ទប់ទឹកស្ថិតនៅដីទំនេរគ្មានមនុស្សរស់នៅ ដែលនៅក្បែរបន្ទប់របស់ខ្លួន ហើយធ្វើសកម្មភាពរំលោភតែម្តង។
ពេលកំពុងរំលោភ ស្រាប់តែម្តាយរបស់ជនរងគ្រោះបានឃើញ ហើយបានចាប់ទាញជនសង្ស័យចេញមកក្រៅ និងស្រែកអោយអ្នកជិតខាងមកជួយ ។ ឃើញហេតុការណ៍មិនអំណោយផល ខ្លួន(ជនសង្ស័យ)បានរត់គេចខ្លួនតែម្តង រហូតដល់វេលាម៉ោង៨ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនតែម្តង។
ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
