Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) និងប្រធានចលនាសង្គ្រោះជាតិ បានអំពាវនាវ កុំឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ព្រោះមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ហើយបើពលរដ្ឋទៅបោះឆ្នោត គឺបោះគ្រាន់តែដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កាន់អំណាចតទៅមុខទៀតប៉ុណ្ណោះ ។

ការបន្តអំពាវនាវជារឿយៗ របស់លោក សម រង្ស៊ី ក៏មិនខុសគ្នាពីសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្រ្តីបច្ចុប្បន្ន នៅតែបន្តអំពាវនាវដដែល ឲ្យពលរដ្ឋទៅបោះឆ្នោត ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើយ៉ាងណាឲ្យសម្តេច បន្តដឹកនាំប្រទេស២អាណត្តិទៀត ដើម្បីរក្សាសន្តិភាព ស្ថិរភាពនយោបាយ នៅកម្ពុជា ។

ក្នុងពិធីជួបសំណេះសំណាល និងប្រារព្ធខួបអនុស្សាវរីយ៍ លើកទី១៣២ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាមួយកម្មករ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវ ឲ្យពលរដ្ឋជាពិសេសកម្មករ-កម្មការិនី បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀត ដើម្បីឲ្យរាជរដ្ឋាភិបាល មានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត ខណៈសម្តេចបានប្តេជ្ញាថា នឹងបន្តធ្វើជានាយករដ្ឋមន្រ្តីយ៉ាងហោចណាស់២អាណត្តិទៀត ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ បានលើកឡើងថា ការបាត់បង់លទ្ធិប្រជាធិបតេយ្យ គឺធ្វើឲ្យបាត់បង់ឯករាជ្យភាព និងប្រទេសជាតិផងដែរ។ លោកអះអាងថា “ជនផ្តាច់ការដែលដឹងថា ប្រជារាស្ត្រមិនគាំទ្រខ្លួន តែងតែបែរទៅរកបរទេស ដើម្បីជួយការពារអំណាចរបស់ខ្លួន” ។

លោក សម រង្ស៊ី បានថ្លែងថា “បើការបោះឆ្នោតថ្ងៃ២៩ កក្កដា ២០១៨ មិនមានការចូលរួម ពីគណបក្សសង្គ្រោះជាតិទេ នរណាទៅបោះឆ្នោត គឺបោះឆ្នោតគ្រាន់តែដើម្បីឲ្យសម្តេច ហ៊ុន សែន កាន់អំណាចតទៅទៀតតែប៉ុណ្ណោះ ដូច្នេះសូមជនជាតិខ្មែរ ដែលស្រឡាញ់ជាតិ និងស្រឡាញ់យុត្តិធម៌ ធ្វើពហិការថ្ងៃនោះ គឺកុំទៅបោះឆ្នោតឲ្យសោះ” ។

កាលបោះឆ្នោតជាតិឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ ចំណែកអតីតគណបក្សសង្គ្រោះជាតិ ទទួលបាន៥៥អាសនៈ ដូច្នេះគណបក្សប្រជាជនកម្ពុជា បានឈ្នះគណបក្សសង្គ្រោះជាតិ ក្រោយមកគណបក្សសង្គ្រោះជាតិ មិនទទួលស្គាលទ្ធផលបោះឆ្នោត នឹងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ឲ្យបានក្នុងអំឡុងពេល៣ខែយ៉ាងយូរ ។

ជុំវិញនៃការបោះឆ្នោតនេះផងដែរ អគ្គស្នងការរងនគរបាលជាតិ បានប្រកាសថា នឹងត្រៀមដាក់កម្លាំងចម្រុះ ពង្រាយការពារសន្តិសុខ និងសុវត្ថិភាព រហូតដល់ជាង៨ម៉ឺននាក់ នៅទូទាំងប្រទេស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor