
ភ្នំពេញៈ ទណ្ឌិតជនជាតិម្នាក់ ដែលកំពុងជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងប្រទេសកម្ពុជា ត្រូវបាននាំខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញសាជាថ្មី កាលពីព្រឹកថ្ងៃទី២៤ មេសា ឆ្នាំ២០១៨ ដើម្បីកាត់ទោសពាក់ព័ន្ធនិងជំនួញគ្រឿងញៀនថ្មីមួយទៀត ដែលអាជ្ញាធររកឃើញកំហុស។
ទណ្ឌិតជនរូបនេះឈ្មោះ ផាន់ វ៉ាន់គី ហៅកឺកឺ ហៅ ឡុង ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅសណ្ឋាគារណាហ្គាវើល ។
ជាមួយគ្នានេះ មានស្ត្រីជនជាតិចិនម្នាក់ និងភ្នាក់ងារសម្ងាត់របស់នគរបាលប្រឆាំងគ្រឿងញៀនម្នាក់ទៀត ក៏ត្រូវបាននាំខ្លួនមកកាត់ទោសជាមួយ និងទណ្ឌិត ផាន់ វ៉ាន់គី ផងដែរ ។ ជនត្រូវចោទ២នាក់នេះ ម្នាក់ឈ្មោះ វូ ហ័រចិន ហៅ ស៊ីមីង ភេទស្រី អាយុ៣៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ នុត កែវរចនា ហៅង៉ោល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។
ជនជាប់ចោទទាំង៣នាក់ ត្រូវបានអាជ្ញាធរប្រឆាំងគ្រឿងញៀនចាប់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី១ មេសា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ។
តុលាការបានចោទប្រកាន់ពួកគេពីបទជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០នៃច្បាប់ប្រឆាំងគ្រឿងញៀនកម្ពុជា។
នៅក្នុងសវនាការ ជនជាប់ចោទឈ្មោះ ផាន់ វ៉ាន់គី បានសារភាពថា ខ្លួនត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសម្ដងរួចមកហើយក្នុងបទចោទប្រកាន់ជួញដូរគ្រឿងញៀននេះ ដោយតុលាការបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ចំពោះករណីចោទប្រកាន់ថ្មីនេះជាមួយនិងឈ្មោះ វូ ហ័រចិន និងឈ្មោះ នុត កែវរចនា ខ្លួនមិនពាក់ព័ន្ធទេ ព្រោះមិនដែលស្គាល់គ្នាសោះ ពោលគឺរឿងថ្មីនេះកើតឡើងក្រោយពីសមត្ថកិច្ចបានចាប់ខ្លួនឈ្មោះវូ ហ័រចិន តែប៉ុណ្ណោះ ។ ចំណែកឈ្មោះ នុត កែវរចនា ខ្លួនគេមិនដែលស្គាល់ទេ ។
ស្ត្រីឈ្មោះ វូ ហ័រចិន បានសារភាពថា ខ្លួនបានស្គាល់ឈ្មោះ ផាន់ វ៉ាន់គី នៅសណ្ឋាគារណាហ្គា ដោយសារខ្លួនគេបម្រើការនៅទីនោះ ហើយធ្លាប់ត្រូវបាន ផាន់ វ៉ាន់គី យកគ្រឿងញៀនឲ្យជក់កម្សាន្តលេងនៅផ្ទះរបស់ខ្លួន ហើយក្រោយមកក៏បានណែនាំអោយ ផាន់ វ៉ាន់គី ស្គាល់ឈ្មោះ នុត កែវរចនា ដែលស្វែងរកការងារធ្វើ។
ឈ្មោះ នុត កែវរចនា បានសារភាពថា ខ្លួនជាភ្នាក់ងារផ្ដល់ព័ត៌មាន A5-72 ហើយត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀនអោយទៅឃ្លាំមើលក្នុងការញុះញង់អោយលក់ដោយខុសច្បាប់នូវសារធាតុញៀន ប៉ុន្តែក្នុងការអនុវត្តមានការប្រែប្រួលតាមកាលៈទេសៈជាក់ស្ដែងជាលក្ខណប្រយោលមិនអោយដឹងពីគោលដៅច្បាស់លាស់ ។ ខ្លួនគេបានស្គាល់ឈ្មោះ ផាន់ វ៉ាន់គី តាមរយៈ វូ ហ័រចិន នៅសណ្ឋាគារណាហ្គា ។ ក្រោយមកឈ្មោះ ផាន់ វ៉ាន់គី បានអោយខ្លួនយកប្រអប់មួយបិទជិតយកទៅអោយម៉ូយ ពេលនោះខ្លួនក៏បានរាយការណ៍ទៅអោយក៥ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រោយមកសមត្ថកិច្ចក៏បានចាប់ពួកខ្លួនតែម្ដង។
យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់អោយដឹងថា ការបង្ក្រាបនៅថ្ងៃទី១ មេសា ឆ្នាំ២០១៧ សមត្ថកិច្ចបានរឹបអូសសារធាតុញៀនប្រភេទមេតំហ្វេតាមីនទម្ងន់១៤៩,៤៩ក្រាម។
លោក ខៀវ ផល្លារ តំណាងអយ្យការ បានធ្វើសេចក្ដីសន្និដ្ឋានរក្សាទុកបទចោទដដែលនិងបានស្នើអោយចៅក្រមសម្រេចតាមច្បាប់ ។
លោក ថាន់ ឡេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចលើកពេលទៅប្រកាសសាលក្រមរឿងក្ដីនេះនៅថ្ងៃទី ២២ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៤រសៀល ៕
