
ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ បណ្តឹងសុំនៅក្រៅឃុំលើកទី២ របស់អតីតអ្នកកាសែតអាស៊ីសេរី២រូប ត្រូវចៅក្រមសភាស៊ើបសួរសាលាឧទ្ទរណ៍ សម្រេចបន្តរក្សាសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ពោលគឺបន្តឃុំខ្លួនអតីតអ្នកកាសែតអាស៊ីសេរី២រូបនេះ ជាបណ្តោះអាសន្ន រហូតដល់មានការកសត់ទោស ។
លោក កែវ វន្នី មេធាវីការពារក្ដីឲ្យអតីតអ្នកកាសែតវិទ្យុអាស៊ីសេរី បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងដាក់ពាក្យប្ដឹងសារទុក្ខទៅកាន់តុលាការកំពូលបន្តទៀត ។
ជនត្រូវចោទទាំង២ខាងលើ ទី១.ឈ្មោះ អ៊ួន ឈិន និង ទី២.ឈ្មោះ យាង សុជាមេត្តា អ្នកទាំងពីរសុទ្ធសឹងតែជាអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ត្រូវសមត្ថកិច្ចឃាត់ សាកសួរ និងធ្វើកំណត់ហេតុ ពាក់ព័ន្ធនឹងការសង្ស័យបើកស្នាក់ការ និងបន្ទប់ស្ទូតយោផ្សាយចេញពីកម្ពុជាដោយខុសច្បាប់ នៅក្នុងបន្ទប់ផ្ទះសំណាក់ម៉ារ៉ាឌី ស្ថិតនៅជិតគល់ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ។
ជនត្រូវចោទទាំង២នាក់ខាងលើ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ដោយបើកការស៊ើបសួរ ពីបទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។
នាពេលកន្លងទៅ មេធាវីរបស់ជនត្រូវចោទទាំងពីរ ធ្លាប់បានដាក់ពា្យសុំឲ្យកូនក្តីនៅឃុំបណ្តោះអាសន្នម្តងរួចមកហើយ ប៉ុន្តែត្រូវបានតុលាការជាន់ទាប និងជាន់ខ្ពស់បដិសេធម្ដងរួចមកហើយ៕

